(កំពង់ស្ពឺ)៖ អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងក្រុងច្បាមន ខេត្តកំពង់ស្ពឺ របស់គណបក្សភ្លើងទៀន បានចេញវីដេអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដោយប្រកាសចងចាំជានិច្ច មិនអាចបំភ្លេចនូវគុណូបការ: និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា។
ក្នុងវីដេអូនេះពួកគេ បានប្តេជ្ញាគាំទ្រនូវរាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំជាតិកម្ពុជា តាមបែបប្រជាធិប តេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើននៃសង្គមជាតិ ដើម្បីសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជា។
អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា ប្រកាសថ្កោលទោសជាដាច់ខាត ចំពោះក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិតជំនាន់ ដែលបានប្រកាសចេញនូវគោលនយោបាយផ្ការីកតាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយនិងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិ។
ពួកគេបានប្តេជ្ញារួមសាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែបបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំ។
សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាខួប២៦ឆ្នាំហើយ ដែលកម្ពុជាបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម និងការបែកបាក់ជាតិ ទទួលបានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួម និងឯកភាពជាតិជាធ្លុងក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»។
ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ក្នុងបំណងសំខាន់ៗដូចខាងក្រោម៖
* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
* ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឭនៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។
* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
«ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕