(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសិរីមង្គល ភួស៊ីណូ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត បានបើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្រោមព្រះអធិបតីភាព ព្រះព្រហ្មាភិរ័ត រតនបញ្ញោ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងព្រះពោធិសត្តមហាមេត្តានុរក្ស ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូចៅអធិការវត្តលលកសសុខារាម។

ពិធីនេះបានការនិមន្ត និងអញ្ជើញចូលរួមពី លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា, មន្ត្រីសង្ឃក្រុង ស្រុក, ព្រះគ្រូចៅអធិការ, អាចារ្យ, គណៈកម្មការវត្ត និងសាសនាផ្សេងៗទៀត ប្រមាណជាង១ពាន់អង្គ/នាក់។

លោក អែម សុធា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានជម្រាបជូនសង្ខេប អំពីសកម្មភាព និងលទ្ធផល នៃការអនុវត្តវិស័យសាសនានៅក្នុងខេត្ត ដែលរហូតមកដល់ពេល មានចំនួន១០៧វត្ត ព្រះសង្ឃចំនួន២,២៨៨អង្គ មានសាលាពុទ្ធិកសិក្សាចំនួន៣កម្រិត និងសមណសិស្សសរុបចំនួន៩៩៧អង្គ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកបឋម អនុវិទ្យាល័យ និងវិទ្យាល័យ។

លោកប្រធានមន្ទីរបន្តថា ជាមួយគ្នានោះ ក៏មានឥស្លាមសាស មានចំនួន៤២កន្លែង ស៊ូរ៉ាវមានចំនួន៦១កន្លែង និងសាលាបង្រៀនមានចំនួន៥១កន្លែង ដែលមានពុទ្ធបរិស័ទ ២០,២០៩នាក់។ សម្រាប់គ្រឹះសាសនា មានវិហារចំនួន៣៦កន្លែង ស្នាក់ការថ្វាយបង្គំមានចំនួន៥៤កន្លែង និងសាលាបង្រៀនមានចំនួន១៦កន្លែង។

ថ្លែងក្នុងឱកាស បើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការពង្រឹងវិស័យសាសនា ត្រូវកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃ និងព្រះសង្ឃនៅតាម ទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជា ដល់កុលបុត្រ កុលធិតា ក្នុងស្ថាប័នអប់រំបង្កើតសាលាធម្មវិន័យ ពុទ្ធិកសិក្សា ពង្រឹងសាមគ្គីភាព ពិសេសវិស័យសង្ឃ ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។

លោកស្រី ក៏បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។

លោកស្រី សូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ និងជាទីកន្លែងគោរពបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

លោកស្រីអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ខ្លះៗ សម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖

ទី១៖ ព្រះគ្រូចៅអធិការ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន ភិក្ខុ សាមណេរ នៅក្នុងទីវត្តអារាមរបស់ព្រះអង្គ
ទី២៖ ព្រះអនុគណក្រុង/ស្រុក ត្រូវយកព្រះទ័យណែនាំបន្ត ចំពោះព្រះគ្រូចៅអធិការ នូវវិន័យតាមពុទ្ធានុញ្ញាត គឺសីល សមាធិ បញ្ញា
ទី៣៖ ព្រះមន្ត្រីសង្ឃ ត្រូវយកចិត្តទុក លើវិស័យពុទ្ធិកសិក្សា ឲ្យស្របទៅនិងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី៧ របស់រាជរដ្ឋាភិបាល
ទី៤៖ ក្នុងវត្តអារាមអាចារ្យ គណៈកម្មការ ត្រូវសហការជាមួយព្រះគ្រូចៅអធិការ ឈរលើស្មារតីសាមគ្គីគ្នា ជៀសវាងមានជម្លោះផ្ទៃក្នុង
ទី៥៖ រាល់ការកសាងសមិទ្ធិផលក្នុងវត្តអារាម ត្រូវពិភាក្សាគ្នា ឲ្យបានត្រឹមត្រូវ កុំមានជម្លោះកើតមានឡើង ធ្វើឲ្យពុទ្ធបរិស័យបាត់បង់សទ្ធា
ទី៦៖ គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នាដើម្បីបន្តសុខដុមនីយកម្មសាសនា
ទី៧៖ យើងរួមគ្នាថែរក្សាសន្តិភាព ក្រោយការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ទី៨៖ បន្តអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោកស្រី ប៉ុក ណាឌី សូមឲ្យអង្គសន្និបាត មន្ត្រីសង្ឃលើកទី៣២នេះ បន្តពិភាក្សាលើប្រធានបទចំនួន២ គឺ៖ វិស័យពុទ្ធិកសិក្សា និងតួនាទីភារកិច្ច របស់ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការ ឲ្យបានផុលផុស ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ តាមវត្តនីមួយៗ៕