(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំប្រារព្ធខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យការត្រៀមរៀបចំប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០២៤) នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសចុះពិនិត្យមើលការសាកល្បងផែនឈរ សម្រាប់ត្រៀមប្រារព្ធពិធីខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» និងខួប៦ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះនាពេលនេះ បើតាមផែនការរបស់អនុគណៈកម្មការរៀបចំពិធីមីទិ្ទញ បាទគូសបញ្ជាក់ថា ក្រុមការងារគ្រប់ជំនាញរបស់អនុគណៈកម្មការទាំង៧ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការរៀបចំ ទាំងកម្លាំងចូលរួមពិធីធ្វើពិធីមិទិ្ទញប្រមាណជាង ១ម៉ឺននាក់។
ដែលក្នុងនោះមានផែនឈកងយោធពលខេមរភូមិន្ទ, ផែននគរបាលជាតិ, ផែនឈរក្បាច់គុនល្បុក្កតោ និងក្រៅពីនោះផែនកងកម្លាំងកងកិត្តិយសគ្រែទ័ព និងក្រុមការងារ និងផែនចូលរួមពីមន្ត្រីរាជការ មហាជន, ក្រុមកាយរិទ្ធ,ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, ក្រុមសហព័ន្ធសហជីពយុវជនកម្ពុជាផងដែរ។
ជាមួយគ្នានឹងការពិនិត្យមើលការសាកល្បងផែនឈរនេះដែរ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមនឹងសមាជិកគណៈកម្មការអន្តរក្រសួង ក៏នឹងពិនិត្យមើលជាលើកចុងក្រោយអំពីវឌ្ឍនភាពនៃការរៀបចំនូវស្តង់ពិរព័ណ៌រូបភាពដែលដាក់តាំងបង្ហាញពីសមិទ្ធផលនានា និងសម្ភារ រូបភាពដែលជាតឹកតាងនាំឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដគ្របដណ្ដប់លើផ្ទៃប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ការរៀបចំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
ទិវានេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទន្ទឹមនឹងនេះដែរ ទិវា «សន្តិភាពនៅកម្ពុជា» ក៏ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត និងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅកម្ពុជា។
ការរៀបចំទិវា «សន្តិភាពនៅកម្ពុជា» នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគតឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៏ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងភិយ្យោភាព។
គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម បំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។