(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការខណ្ឌ និងការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ខុសច្បាប់មួយកន្លែង ដែលជ្រកក្រោមស្លាកសញ្ញាផ្ទេរប្រាក់ និងសន្សំប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ។
ការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល ឃាត់ខ្លួនបានមនុស្ស៦នាក់ ក្នុងនោះក្មេងស្រី២នាក់ ប៉ុន្ដែត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ។
លោកអធិការ បញ្ជាក់ថា សមត្ថកិច្ចដកហូតបាន ឧបករណ៍សម្រាប់កត់កន្ទុយលេខមួយចំនួនធំ លុយសរុបចំនួន ១លាន ៦០ម៉ឺនរៀល និងឧបករណ៍សម្រាប់ ហ្វាក់ ១គ្រឿង។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដ៕