(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះជួបកសិករផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ៣ទីតាំង ដែលមានទីតាំងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំដោយផ្ទាល់រួមជាមួយ លោក ហុង ណារិត, លោក ស្រី សុទ្ធា, លោកស្រី លី សាគីណា លោក ប៉ុល សុផា អនុរដ្ឋលេខាធិការ, លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីជាច្រើនរូបផ្សេងទៀត។
គោលបំណងនៃដំណើរការចុះជួបនោះ ដើម្បីស្វែងយល់ពីការចំណាយក្នុងផលិតកម្មដំណាំស្រូវធ្ងន់ ជាពិសេសតម្លៃស្រូវទាំងនៅទីវាល និងនៅរោងម៉ាស៊ីនកិនស្រូវ។ លទ្ធផលទទួលបានជារួមមាន៖ ស្រូវនាងខុន ជាប្រភេទស្រូវដែលធន់នឹងជំងឺ និងទទួលបរិមាណទិន្នផលស្រូវល្អព្រមទាំងមានតម្លៃសមរម្យ អាចឱ្យកសិករទទួលបានប្រាក់ចំណេញ។
នាឱកាសនោះ លោក ប្រាក់ ដាវីដ និងក្រុមការងារបានបន្តចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលប្រមូលទិញស្រូវធ្ងន់ចំនួន៣ មាន៖
ទី១៖ រោងម៉ាស៊ីនកិនស្រូវ វិបុលតារា លោកស្រី មាស ដារ៉ា មានសេចក្តីរីករាយដែលក្រុមការងារក្រសួងកសិកម្មអញ្ជើញចុះមកដល់ទីតាំង។
ម្ចាស់រោងម៉ាស៊ីនរូបនេះ បានបញ្ជាក់បន្ថែមថា គាត់បានទទួលទិញស្រូវធ្ងន់ ស្រូវនាងខុន ប្រមាណ៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមជួយកសិករឱ្យមានជីវភាពល្អប្រសើរ។រោងម៉ាស៊ីនកិនស្រូវនេះស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ទី២៖ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលស្ថិតនៅភូមិធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ម៉េង បូរ៉ាន់ ជាម្ចាស់រោងម៉ាស៊ីនបានថ្លែងអំណរគុណក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ចុះជួបពិភាក្សារកដំណោះស្រាយជូនប្រជាកសិករ និងរោងម៉ាស៊ីនរបស់លោក ជាពិសេសតម្លៃកសិផល លោកបញ្ជាក់ថា ក្នុងរដូវប្រមូលផលនេះ លោកប្រមូលទិញស្រូវនាងខុន បានជាង ១០០០តោនហើយ។
ទី៣៖ រោងម៉ាស៊ីនស្រូវ Signature of Asia លោក ផាត់ សុភក្តិ អនុប្រធានរោងម៉ាស៊ីន បានស្នើដល់ក្រសួងកសិកម្មចងក្រងសហគមន៍កសិកម្មទំនើបបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលទិញស្រូវ និងណែនាំដល់កសិករឱ្យប្រើជីសរីរាង្គធម្មជាតិជំនួយ និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើមនិងទទួលបានគុណភាពស្រូវស្តង់ដា តាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ៕