(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ខាងមុខនេះ គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណ ២ ០០០លានអេសដេអ៊ែ ឬស្មើនឹងប្រមាណ ២.៧ប៊ីលានដុល្លារអាមេរិក កើនចំនួន៣០០លានអេសដេអ៊ែ និងគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ប៊ីលានរៀល ឬស្មើនឹងប្រមាណ ១២៣លានដុល្លារអាមេរិក។ នេះបើយោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៥ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់។
ច្បាប់ថវិកាជាតិ ឆ្នាំ២០២៥ បានបញ្ជាក់ថា ការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងទំហំ ២.៧ប៊ីលានដុល្លារអាមេរិកនេះ ដោយសារទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធាន បន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសដើម្បីជំនួសថវិកា គម្រោងវិនិយោគសាធារណៈ ដោយប្រភពចំណូលក្នុងប្រទេស ដែលត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្ត ក្នុងបរិការណ៍ដែលប្រភពចំណូលក្នុងប្រទេស ជាពិសេសចំណូលសារពើពន្ធ មាននិន្នាកាថមថយ។
ថវិកាដែលគ្រោងខ្ចីពីដៃគូអភិវឌ្ឍន៍ ជាឥណទានមានកម្រិតសម្បទានខ្ពស់ ខណៈដែលស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅ តែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។
ថវិកាទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធី/គម្រោងអភិវឌ្ឍន៍សំខាន់ៗដូចជា៖
* វិស័យថាមពលចំនួន ៦កម្មវិធី/គម្រោង គឺគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី២ គម្រោងអភិវឌ្ឍន៍បណ្តាញអគ្គិសនី ប្រកបដោយចីរភាព គម្រោងប្រសិទ្ធភាព ថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ជំហានទី២ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីអន្តរកាល-អនុកម្មវិធីទី២ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធបណ្តាញ បញ្ជូនថាមពល អគ្គិសនីអន្តរកាល និងគម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី៣។
* វិស័យទឹកស្អាតចំនួន៥គម្រោង គឺគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិរោធ គម្រោង អភិវឌ្ឍន៍ប្រកបដោយចីរភាព នូវការផ្គត់ផ្គង់ទឹកស្អាតនៅភាគខាងត្បូងរាជធានីភ្នំពេញ គម្រោងប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃ គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត និងសេវា ទឹកស្អាត និងគម្រោងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងប្រកបដោយចីរភាព។
* វិស័យធារាសាស្ត្រចំនួន៤កម្មវិធី/គម្រោង គឺគម្រោងអភិវឌ្ឍន៍ធនធានទឹកជុំគិរី ខេត្តកំពត កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្ម សម្រាប់ប្រទេសកម្ពុជា ជំហានទី២ គម្រោងពង្រឹងសមត្ថភាពធន់ទ្រាំនៃជនបទ គម្រោងគ្រប់គ្រងទឹក ការស្រោចស្រព បង្ការទឹកជំនន់ និងការរាំងស្ងួត ប្រកបដោយចីរភាពជំហានទី១។
* វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៩កម្មវិធី/គម្រោង គឺកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទសម្រាប់ប្រទេសកម្ពុជា ជំហានទី២ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (ហិរញ្ញប្បទានបន្ថែម) គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C ពីខេត្តកំពង់ឆ្នាំងទៅខេត្ត កំពង់ធំ និងស្ពានឆ្លងទន្លេសាប គម្រោងធ្វើឱ្យប្រសើរឡើងសេវាទីក្រុងដែលធន់នឹង ការប្រែប្រួលអាកាសធាតុជំហានទី១ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវក្នុងតំបន់ គម្រោងលើកកម្រិត និងពង្រីកផ្លូវប្រាសាទ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិ លេខ៦៨ (ក្រឡាញ់-សំរោង-អូស្មាច់) គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ ផ្លូវជាតិលេខ៥ ជំហានទី២ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី (ឥណទានបន្ថែម)។
* វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១គម្រោង គឺគម្រោងអភិវឌ្ឍន៍វិស័យអប់រំ កម្រិតមូលដ្ឋាន។
* វិស័យសុខាភិបាលចំនួន ២គម្រោង គឺគម្រោងគាំទ្របន្ទាន់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ជំហានទី២។
* វិស័យកសិកម្មចំនួន ២គម្រោង គឺគម្រោងពិពិធកម្មទីផ្សារ និងពាណិជ្ជាកម្មកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង គម្រោងជំរុញបរិវត្តកម្មវិស័យកសិកម្ម។
* វិស័យអាទិភាពផ្សេងទៀតចំនួន ៥កម្មវិធី/គម្រោង គឺកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន អនុកម្មវិធីទី១ កម្មវិធីពង្រឹងអភិបាលកិច្ចការផ្តល់សេវា អនុកម្មវិធីទី១ គម្រោងរៀបចំបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា កម្មវិធីអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្ម និងការប្រកួតប្រជែង អនុកម្មវិធីទី៣ និងកម្មវិធីការផ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍គោលនយោបាយ និងភាពធន់របស់កម្ពុជា ជំហានទី៣។
រាជរដ្ឋាភិបាលបានអះអាងថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំ ២.៧ពាន់លានដុល្លារ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាពនិងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕