(ភ្នំពេញ)៖ អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ពន្លឺ ក្តីសង្ឃឹម និងឱកាសថ្មីដល់កូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីពួកគេបានសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា។
កញ្ញា ឆេង លីហ្សា កូនកំព្រាឪពុក មានកំណើតលើទឹកដីខេត្តកណ្តាល បានប្រឹងប្រែងជម្នះការលំបាកជាច្រើនក្នុងជីវភាពជាមួយម្តាយតស៊ូរៀនសូត្ររហូតបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅអំឡុងឆ្នាំ២០២០។ ក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ លីហ្សា គ្មានក្តីសង្ឃឹមបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានោះឡើយ ព្រោះតែស្ថានភាពជីវភាព។
អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រៀបដូចជាទឹកសន្សើមប្រោសព្រំដង្ហើមនៃក្តីសង្ឃឹមជូនដល់កញ្ញា លីហ្សា ឱ្យបានឱកាសសិក្សាបន្តនៅសាកលវិទ្យាល័យធនធានមនុស្សផ្នែកគ្រប់គ្រងធនាគារ និងគណនេយ្យ។
កញ្ញា លីហ្សា បានបញ្ជាក់ដូច្នេះ «អាហារូបករណ៍ដែលសម្តេចផ្តល់ជូនប្អូននេះ ពិតជាមានសារៈសំខាន់។ បើប្អូនអត់ទទួលបានអាហារូបករណ៍របស់សម្តេចទេ ប្អូនប្រហែលជាមិនមានលទ្ធភាពឡើងមកសិក្សានៅរាជធានីភ្នំពេញបាននោះទេ ដោយសារតែប្អូនមានតែពីរនាក់ម្តាយ អ៊ីចឹងមានភាពខ្វះខាតក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ»។
តាមរយៈអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឱ្យកញ្ញា ឆេង លីហ្សា បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សដោយជោគជ័យកាលពីឆ្នាំ២០២៣។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កញ្ញា លីហ្សា បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររបស់ខ្លួនហើយ ដែលពិធីចែកសញ្ញាបត្រនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លីហ្សា បានលើកឡើងថា បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងគណនេយ្យ កញ្ញាទទួលបានឱកាសការងារដ៏សមរម្យនៅក្រុមហ៊ុនឯកជនមួយ។ កញ្ញា បានគូសបញ្ជាក់ថា បើមិនមានអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេនោះ កញ្ញានឹងមិនបានសិក្សាខ្ពស់ ហើយក៏មិនអាចបានការងារមួយដែលសមរម្យដូចពេលនេះនោះដែរ។
កញ្ញា ឆេង លីហ្សា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានជួយកែប្រែជោគវាសនា និងជីវិតរបស់កញ្ញា តាមរយៈការផ្តល់អាហារូបករណ៍។
លីហ្សា ក៏បានផ្តាំផ្ញើដល់សិស្សតាមទីជនបទ សិស្សមកពីគ្រួសារក្រីក្រ ឱ្យប្រឹងប្រែងសិក្សារៀនសូត្រ រៀនសូត្រឱ្យបានខ្ពស់ ដើម្បីចាប់យកឱកាសជីវិតមួយល្អប្រសើរ។ កញ្ញាបានលើកឡើងថា បើឆន្ទៈរៀនសូត្រ ការខ្វះខាតក្នុងជីវភាពមិនមែនជាឧសគ្គនោះឡើយ ព្រោះបច្ចុប្បន្នមានអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាអាហារូបករណ៍តាមសាលានានា ដែលនឹងជួយឱ្យមានឱកាសសិក្សានៅថ្នាក់ឧត្តមសិក្សា៕