(កំពង់ធំ)៖ សមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើង ៤នាក់ ដែលកាប់បំផ្លាញម៉ូតូគេ នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២២៖០០នាទី មានក្មេងទំនើងមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (កាប់ម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ឈ ហុង ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ច បានទទួលបណ្ដឹងពីជនរងគ្រោះ និងបានធ្វើការស្រាវជ្រាវ ឈានចូលដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០៣០នាទី ហើយឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន ០៤នាក់ និងម្នាក់ទៀតរត់គេចខ្លួន យកមកសួរនាំនៅអធិការដ្ឋាននគរបាល ស្រុកទាំងគោក។

ក្មេងទំនើង រួមមាន៖
* ១៖ ឈ្មោះ លន់ មករា (ហៅសិង្ហ) ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកកាន់ដាវកាប់ម៉ូតូ)
* ២៖ ឈ្មោះ ពុធ មិថុនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកកាន់ដំបងវាយម៉ូតូ)
* ៣៖ ឈ្មោះ ឡុង សុវណ្ណតារា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកឌុប)
* ៤៖ ឈ្មោះ ប៉ូ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកកាន់ពូថៅកាប់ម៉ូតូ)។

លោកបានបញ្ជាក់ថា ឈ្មោះ ស៊ន សុខអ័ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិវាលអំពិល ឃុំទ្រៀល ជាមេក្លោង បានរត់គេចខ្លួន។ ក្នុងការសាកសួរ ជនសង្ស័យទាំង៤ បានសារភាពថាបណ្ដាលមកពីរឿងស្នេហា។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា ដាវចំនួន១ ពូថៅ១ ដំបង់ឬស្សី១ ម៉ូតូ ១គ្រឿង ហើយករណីនេះកំពុងធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង៕