(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានដាក់សម្ពោធជាផ្លូវការ ការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

ការដាក់សម្ពោធជាផ្លូវការនេះ រៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងឲ្យដឹងថា អបអរសារទរចំពោះការសម្ពោធជាផ្លូវការ ការប្រែក្លាយមណ្ឌលសិក្សា បច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា វិស័យធនាគារបានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ច យ៉ាងធំធេងក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនេះសូមវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់លោកបណ្ឌិត ជា ចាន់តូ ដែលជាអតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានដឹកនាំធនាគារជាតិនៃកម្ពុជាអស់រយៈពេលប្រមាណ៣០ឆ្នាំមកនេះ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារ អន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា-ណាចក្រកម្ពុជា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស របស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងវែង ទាំងនៅក្នុងស្រុក និងនៅបរទេស, ការធ្វើឯកទេសកម្មជំនាញ ធនាគារចាប់តាំងពីថ្នាក់បរិញ្ញាបត្ររង ដល់បរិញ្ញាបត្ររបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នឹងចូលរួមជំរុញឱ្យអាទិភាពគន្លឹះទី១ របស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។

លោកស្រីបណ្ឌិតបានបន្ដថា តាមរយៈសមិទ្ធផលនេះ ការកើនឡើងនៃការអប់រំលើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គមស្របតាមចរន្តអភិវឌ្ឍភាវូបនីយកម្មសេដ្ឋកិច្ចទីផ្សារសេរី។

លោកស្រីបណ្ឌិត ជា សិរី បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយមណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានទទួលនិស្សិតក្រៅប្រព័ន្ធមកបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគាររយៈពេល ២ ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ។

លោកស្រីបានបន្ដថា នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាត ឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ដើម្បីសម្រួល និងលើកទឹកចិត្ត ដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។

លោកស្រីបណ្ឌិតបានបន្ថែមថា គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប៕