(ភ្នំពេញ)៖ ឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងល្ងីល្ងើរបស់ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដោយបានចោទថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទិញ «Like» Facebook ក្លែងក្លាយយ៉ាងសន្ធឹកពីច្រើនប្រទេសនៅទូទាំងពិភពលោកនោះ, នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ មន្រ្តីថ្នាក់ទាបមួយរូប នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំមិនបញ្ចេញឈ្មោះបានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ដោយឆ្លើយតបថា៖ «សារជាតិមនុស្សភ្លើ នៅតែភ្លើ និងល្ងីល្ងើ បើទោះបីជាយើងព្យាយាមពន្យល់ហើយពន្យល់ទៀតយ៉ាងណាក៏ដោយ, ដូច្នេះមិនចាំបាច់យកចិត្តទុកដាក់ជាមួយ មនុស្សដែលមានសារជាតិភ្លើនៅក្នុងខ្លួននោះទេ»។
មន្រ្តីថ្នាក់ទាបនៅខុទ្ទកាល័យសម្តេចតេជោ ដដែលរូបនោះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «មនុស្សដែលចោទប្រកាន់គ្មានហេតុផលច្បាស់លាស់ ទាំងងងឹតងងុល ហើយចោទប្រកាន់គេឯងទាំងទទឹងទិស ទាំងគ្មានយល់អ្វីសោះ គឺជាមនុស្សមានឈាមជ័រជាជនក្បត់ជាតិ។ មនុស្សហ្នឹងនៅតែក្បត់ជាតិដដែលហ្នឹង សារជាតិពូជក្បត់ នៅតែពូជក្បត់, ខ្ញុំមិនខ្វល់នោះទេ ព្រោះគេជាមនុស្សភ្លើទៅហើយ»។
សូមជំរាបថា កន្លងមកសម្តេចតេជោ ហ៊ុន សែន បានធ្លាប់ប្រកាសនៅលើទេវទិកាសាធារណៈរួចហើយថា ការបង្កើត Facebook របស់សម្តេចគឺដើម្បីបំរើការងារ ផលប្រយោជន៍ជាតិ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ងាយស្រួលដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ជូនប្រជាពលរដ្ឋ មិនមែនដើម្បីប្រកួតប្រជែង ជាមួយអ្នកណាម្នាក់នោះទេ។ ហើយក៏មិនបានដឹងថា មានចំនួនអ្នក Like បានមកពីណានោះទេ ប៉ុន្តែជាមោទនភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលមានអ្នក Like ច្រើនទាំងក្នុង និងក្រៅប្រទេស។
ការលើកឡើងរបស់មន្រ្តីថ្នាក់ទាបនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានចោទប្រកាន់ទៅលើសម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ថា «ខ្ញុំមិនខ្វល់ពីពាក្យបណ្តឹងនេះទេ ហើយខ្ញុំនៅតែហ៊ានអះអាងថា លោក ហ៊ុន សែន ប្រើមន្ត្រី និងបុគ្គលិកក្រោមឱវាទគាត់ ឲ្យបង្កើតគណនី Facebook ក្លែងក្លាយ ដើម្បីផ្តល់ "Like" ក្លែងក្លាយឲ្យទៅទំព័រ Facebook របស់គាត់ ហើយគាត់ក៏បាន ទិញ "Like" ក្លែងក្លាយ យ៉ាងសន្ធឹកសន្ធាប់ពីច្រើនប្រទេសទូទាំងពិភពលោក ដើម្បីបង្អួតពីប្រជាប្រិយភាពក្លែងក្លាយរបស់គាត់»។
ការចោទប្រកាន់បែបនេះហេីយ ដែលនាំអោយលោក សម រង្សុី ជាប់គុកតាមបណ្តឹងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៕