(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា កាលដែលយើងប្រឹងប្រែងទាំងអស់គ្នាលើកកម្ពស់វិស័យសុខាភិបាល គឺជាការវិនិយោគដ៏ធំ ព្រោះជាការងារជួយលើកកម្ពស់សុខភាពជាតិ និងជាការវិនិយោគដើម្បីភាពមានបានរបស់ប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបការងារ សមិទ្ធផលការងារ និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក ប្រធានការិយាល័យ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ។

ក្នុងឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីសមិទ្ធផលនានាដែលក្រសួងសុខាភិបាល សម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ និងសម្តែងនូវការកោតសរសើរ ចំពោះសមិទ្ធផលដែលសម្រេចបាននេះ ដែលពិត ជាឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែង សហការគ្នា សាមគ្គីភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិត។

ជមួយគ្នានោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំណុចសំខាន់ៗ ក្នុងការទិសដៅការងារអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ១) នវានុវត្តន៍ប្រព័ន្ធសុខភាពឌីជីថល (Digital Health) ២) គោលដៅទប់ស្កាត់នៃជំងឺគ្រុនឈាម ៣) ពង្រឹងបន្ថែមទៀតទៅលើការងារអធិការកិច្ច ៤) ពង្រឹងទៅជំងឺមិនឆ្លង ៥) ការត្រៀមក្នុងទប់ស្កាត់ និងឆ្លើយតបនឹងជំងឺឆ្លងនានា និង ៦)ផ្តោតទៅលើជំងឺមហារីក ដែលបង្កើនភាពបុរេសកម្មបន្ថែមទៀតក្នុងវិស័យសុខាភិបាល ព្រមទាំងជួយជំរុញការអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃអាណ្តិតទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យសុខាភិបាល ជាវិស័យអាទិភាព។

ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមមានសុខភាពល្អ កម្លាំងកាយមាំងមួន ប្រាជ្ញាវាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ៕