(ស្វាយរៀង)៖ ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត​ អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើប្រតិបត្តិការតាមចាប់ និងបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ បានចំនួន១០នាក់ នៅស្រុកស្វាយជ្រំ និងក្រុងបាវិត ក្រោយក្មេងទំនើងទាំងនេះបានជិះម៉ូតូអូសដាវ កាំបិត និងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កម្លាំងនគរបាលស្រុកស្វាយជ្រំ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបានចាប់ក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពកាន់ដាវ និងកាំបិត ជិះម៉ូតូអូសតាមបណ្តោយថ្នល់ បង្កការភ័យខ្លាច​ដល់អ្នកធ្វើដំណើរនៅ​ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៖៣០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមមានគ្នាប្រហែល៥នាក់ ទៅ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានកាន់ដាវនិងកាំបិត ជិះម៉ូតូអូសបណ្តោយថ្នល់ពី​ទិសខាងត្បូងទៅទិសខាងជើង​បានចំងាយ៥០០ម៉ែត្រ រួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

លោកអធិការបានបន្តថា ពេលទទួលបានព័ត៌មានកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ស្ទាក់តាមគោលដៅប្រទាក់ក្រឡានីមួយៗ បន្ទាប់មកសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន៦នាក់នៅចំណុចកញ្ចុះលក់ដូរដងព្រែក ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏នាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន៣គ្រឿង បានដាក់ដាវ និងកាំបិតកាកុក ក្នុងកែបម៉ូតូ​ជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ជិះម៉ូតូទៅដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១៖៥០នាទីរសៀល ទើបបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ រហូតមកដល់ចំណុចលើថ្នល់ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវនិងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រ ទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។

បន្ទាប់មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូ បបួលគ្នាជិះម៉ូតូដើរលេងទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេងស្រាប់តែសមត្ថកិច្ចមកដល់​បានឃាត់ពួកខ្លួនទាំង៦នាក់ និងដកហូតវត្ថុតាងកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ដោយឡែកកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង ២២និង៤៥នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ មកសមត្ថកិច្ចថានៅខាមុខការ៉ាស់សាំងTOTAL ខាងកើតតំបន់តាយសេង១  ស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានក្មេងទំនើងពីរក្រុមបានជិះម៉ូតូដេញកាប់ចាក់គ្នាទៅវិញទៅមក។

ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងជាបន្តបន្ទាប់បានចំនួន៤នាក់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសួរនាំ។ ក្មេងទំនើងទាំង៤នាក់ នោះមានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ អ៊ាត រដ្ឋា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
២/ឈ្មោះ ណុន បញ្ញាសាក់ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន ភូមិ ឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង
៣/ឈ្មោះ សាន សុខណាក់ អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងលក់បាយ ទីលំនៅ ភូមិត្រពាំងផ្អាវ ឃុំកំពង់ចក ស្រុករំដួល
៤/ឈ្មោះឆុង ណារ៉ាន់ អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកហាងលក់បាយ រស់នៅភូមិព្រៃសាគុំ ឃុំពងទឹក ស្រុករំដួល។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូមួយគ្រឿងគ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) និងដុំថ្មមួយដុំ។ សម្រាប់ករណីនេះជនល្មើសទាំង៤នាក់ ត្រូវបានតុលាការឃុំខ្លួនរួចហើយ៕