(កំពង់ធំ)៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» នៅបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកស្ទោងជិត ៣០០នាក់។

លោកស្រី លំ គន្ធារី បានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ នៅតាមគ្រឹះស្ថានសិក្សានានា ដែលជួបឧបទ្ទវហេតុអាក្រក់ផ្សេងៗ តាមមូលដ្ឋាន។

លោកស្រីបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយផ្តោតលើគុណតម្លៃ នៃការងារស្ម័គ្រចិត្ត និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត។

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត ដែលមកចូលរួមក្នុងឱកាសនោះលោកស្រី លំ គន្ធារី ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានផ្ដល់ជូននូវប័ណ្ណសរសើរ អ្នកស្ម័គ្រចិត្តផងដែរ៕