(ពោធិ៍សាត់)៖ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែគិតគូរយ៉ាងហ្មត់ចត់ និងចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានធ្វើការសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលមានរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះកាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ អំពីសហគមន៍កសិកម្មទំនើប ជូនដល់ប្រជាពលរដ្ឋ ចំនួន១៤៥នាក់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ការចងក្រងសហគមន៍កសិកម្មទំនើប តាមរយៈការដាក់ចេញនូវកម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាសហគ្រាស សេដ្ឋកិច្ច កសិកម្មរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើកសិកម្មរកប្រាក់ចំណូលបានជាប្រចាំ (ប្រចាំថ្ងៃ និងប្រចាំខែ)។
អ្វីដែលធ្វើឱ្យគ្រួសារអតីតយុទ្ធជន ទាំង៦២៨គ្រួសារ មានភាពកក់ក្តៅបន្ថែមទៀតនោះ គឺជានិច្ចកាល លោក ខូយ រីដា អភិបាលខេត្ត តែងតែចុះមកជាប្រចាំ ដើម្បីសួរសុខទុក្ខ ពិនិត្យដោះស្រាយបញ្ហាប្រឈម ផ្សព្វផ្សាយពីការរស់នៅស្អាត និងជំរុញចលនាប្រឡងប្រណាំងគ្រួសារគម្រូ ជូនបងប្អូននៅទីនោះ។
ជាក់ស្តែងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ខូយ រីដា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្នះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលមាននៅក្នុងបរិវេណមណ្ឌលសុខភាព សាលារៀន វត្តអារាម ដើម្បីត្រៀមទទួលឥស្សរជនជាន់ខ្ពស់ ដែលនឹងអញ្ជើញចុះមកនាពេលឆាប់ៗខាងមុខ។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជំរុញឱ្យអតីតយុទ្ធជន មករស់នៅជាអចិន្ត្រៃយ៍ ត្រូវខិតខំជំនះ តស៊ូ ឧស្សាហ៍ព្យាយាម ក្នុងដាំដុះបន្លែបង្ការ ឈើហូបផ្លែ ចិញ្ចឹមសត្វ និងបង្កើតមុខរបរផ្សេងៗទៀត ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើង។ ជាមួយគ្នានោះត្រូវបន្តចូលរួមសហការ ក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ បង្ការទប់ស្កាត់នូវរាល់បទល្មើសខុសច្បាប់ ដូចជាគ្រឿងញៀន ក្មេងទំនើងជាដើម។ នៅចំពោះមុខនេះ លោកសូមឱ្យអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង បន្តខិតខំជំរុញដោយធ្វើយ៉ាងណាប្រែក្លាយទៅជាភូមិឋានមានសោភណ្ឌភាព បរិស្ថានស្អាតល្អ និងគ្មានសំរាម ព្រោះក្នុងពេលឆាប់ៗខាងមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកនឹងអញ្ជើញមកសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញការរស់នៅរបស់បងប្អូនជាក់ជាមិនខាន។
គួរជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង បានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមមានសាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្លូវខ្វាត់ខ្វែង ប្រព័ន្ធភ្លើងអគ្គិសនី អណ្តូងទឹក ទំនប់ស្ទាក់ទឹក លំនៅឋានស្អាតសមរម្យ និងដីក្នុងមួយគ្រួសារ ក្បាល៧០x១៥០ម៉ែត្រ សម្រាប់ធ្វើការដាំដុះ។ ថ្មីនេះរដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំតម្លើងសូឡាភ្លើងបំភ្លឺផ្លូវ ដែលគ្រោងនឹងតម្លើងជិត២០០ដើម និងដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់ ជូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ។
ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងនេះ គឺជាការផ្តួចផ្តើមឡើង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែង និងធ្វើការអភិវឌ្ឍ ដើម្បីផ្តល់ជូនដល់អតីតយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ នាពេលកន្លងមក៕