(ម៉ានីល)៖ ក្រុមមន្រ្តីហ្វីលីពីនគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្សជាង ១២,៥០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅមុនពេលព្យុះទីហ្វុងសារីកា ត្រូវបានគេរំពឹងថា នឹងវាយប្រហារមកលើតំបន់ដីគោក បន្ទាប់ពីបានបង្កជាគ្រោះរអិលបាក់ និងសម្លាប់មនុស្សម្នាក់ និងបីនាក់ផ្សេងទៀតបាន បាត់ខ្លួន កាលពីថ្ងៃសៅរ៍នៅតំបន់កសិកម្មជាច្រើន ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦។
មន្ត្រីដដែលបានឱ្យដឹងដែរថា ព្យុះទីហ្វុងសារីកា ដែលបក់បោកក្នុងល្បឿនខ្យល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោងអាចនឹងបង្ករជាការបំផ្លិចបំផ្លាញគួរឱ្យព្រួយបារម្ភ ហើយនឹងធ្វើដំណើរទៅដល់កោះ Luzon នៅថ្ងៃអាទិត្យនេះ ខណៈអាជ្ញាធរក៏បានប្រកាសសញ្ញាអាសន្នក្នុងទីក្រុងម៉ានីល និងខេត្តជាង២០។ ជាមួយគ្នានោះដែរ ព្យុះទីហ្វុងមួយនេះបានបង្ខំឱ្យជើងហោះហើរ ១៦០ទំាងក្នុង និងក្រៅស្រុក ត្រូវលុបចោលចំណែកអ្នកដំណើរ ៦,៥០០នាក់ ត្រូវជាប់គាំងនៅតាមកំពង់ផែមួយចំនួន។ លើសពីនេះទៀត ផលដំណាំដូចជាស្រូវ និងពោតជាដើមត្រូវបានបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹង ១.១លានដុល្លារ។
សូមជំរាបថា ហ្វីលីពីនជាងរៀងរាល់ឆ្នាំតែងតែទទួលរងគ្រោះ ដោយសារខ្យល់ព្យុះដ៏មានឥទ្ធិពលយ៉ាងតិចណាស់ ២០។ តួយ៉ាងព្យុះទីហ្វុង Haiyan ជាព្យុះមាន សាហាវជាងគេដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីន បានបោកបក់មកភាគកណ្តាលប្រទេស កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយបានបន្សល់ទុកមនុស្សប្រមាណ ៧,៣៥០នាក់ស្លាប់ និងបាត់ខ្លួន៕