(ភ្នំពេញ)៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២០១នាក់ ក្នុងនោះរួមមាន៖ ប្រកាសមុខតំណែង ផ្ទេរភារកិច្ចចំនួន២៥នាក់, បំពាក់ឋានន្តរសក្តិ ចំនួន ១៣នាក់ ប្រគល់បណ្ណ-លិខិតសរសើរចំនួន ១៦៣សន្លឹក។
ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងថា មុខតំណែង ឋានន្តរសក្តិ បណ្ណ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ដូច្នេះ បងប្អូនត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អ ដើម្បីជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន និងចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបញ្ហាក្រុមក្មេងទំនើងឱ្យដូចភ្លៀងរលឹម ដោយគ្មានការលើកលែងនោះឡើយទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕