(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានលើកសសើរឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីជំនាញជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការងារការពារនិងបង្ក្រាបបទល្មើសនេសាទទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ តែបែរជាមិនសូវទទួលបានការសាទរអំពីសាធារណជន។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់មន្ដ្រីទាំងអស់បន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត និងត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានច្រើន។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, ការផ្សព្វផ្សាយធ្វើឡើង ទី១ ដើម្បីឲ្យសាធារណជនបានជ្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីជលផលផង និងទី២ ដើម្បីបង្ក្រាបអ្នកនេសាទខុសច្បាប់ឲ្យរាងចាល និងទី៣ ដើម្បីបន្លាចអ្នកនេសាទខុសច្បាប់ទាំងនោះ កុំឲ្យគគ្លើន ហ៊ានប្រព្រឹត្តល្មើសតទៅទៀត បើមិនចង់ជាប់សំណាញ់ច្បាប់៕