(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារនាំយក អំណោយកាកបាទក្រហមមួយចំនួន ចែកជូនកម្មករ-កម្មការិនីរោងចក្រចំនួន ១១២គ្រួសារ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងបន្តចុះប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១១២នាក់ ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ។
សកម្មភាពចុះចែកអំណោយខាងលើ ក៏មានកាចូលរួមពីលោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌឫស្សីកែវ, និស្សិតអាហារូបករណ៍សម្តេចតេជោ, និងយុវជនសហភាពសហព័ន្ ធយុវជនកម្ពុជាខណ្ឌ-សង្កាត់ជាច្រើននាក់ ហើយអំណោយដែលបានផ្តល់ជូនកម្មករ-កម្មការិនីខាងលើ រួមមាន៖ អង្ករ៥គីឡូក្រាម, មី៤កញ្ចប់, ទឹកត្រី-ទឹកស៊ីអ៉ីវ២ដប, ស្ករស១កញ្ចប់, តែ២កញ្ចប់ សរុបជាថវិកា ៣,៩២០,០០០រៀល។ ក្នុងនោះដែរ លោកស្រី អាន ផល្លា ក៏បានឧបត្ថម្ភក្រណាត់ដល់ ប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋ ចំនួន១១ដុំ ផងដែរ។
បន្ទាប់ពីបញ្ចប់សកម្មភាពមនុស្សធម៌ខាងលើ លោក ជា ពិសី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ ព្រមជាមួយសមាជិក-សមាជិកា និងក្រុមការងារបក្សខណ្ឌ សង្កាត់ច្រាំងចំរេះទី២ បានបន្តចុះរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ១១២រូប ដែលជាកម្មករ-កម្មការិនី ស្លាក់នៅក្នុងសង្កាត់ច្រាំងចំរះ២ នាមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ ដោយលោកបានឧបត្ថម្ភថវិកាដល់សមាជិកថ្មី ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ៕