(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ តាមរយៈរបាយការណ៍របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានរកឃើញថា ខេត្តស្ទឹងត្រែងជាខេត្តមួយ ដែលគ្មានករណីក្មេងទំនើង ក្នុងចំណោមរាជធានី-ខេត្តទាំង២៥។

តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី «ករណីក្មេងទំនើង» នារសៀលថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រៅពីខេត្តស្ទឹងត្រែង ដែលគ្មានករណីក្មេងទំនើងមានខេត្តមួយចំនួនទៀតដែលមានករណីក្មេងទំនើងតិចតួច រួមមាន៖ ខេត្តកែប ខេត្តប៉ៃលិន និងខេត្តព្រះវិហារ។

ដោយឡែកសម្រាប់ភូមិសាស្រ្ត ដែលប្រឈមនឹងករណីក្មេងទំនើងច្រើនជាងគេត្រូវបានលោក កេង សុម៉ារិទ្ធ គូសបញ្ជាក់ថា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បើនិយាយអំពីខេត្តដែលមានសំណុំរឿងតិចជាងគេវិញ ខ្ញុំរាប់តែ៤ខេត្តចុងក្រោយគេទេ ក្នុងនោះខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចបំផុតជាងគេគឺ ខេត្តស្ទឹងត្រែងគឺ០ករណី »។ លោកបន្តថា ខេត្តស្ទឹងត្រែងគឺជាខេត្តគម្រូដែលមិនមានករណីក្មេងទំនើងកើតឡើងទេ ដូច្នេះខេត្តផ្សេងអាចយកលំនាំធ្វើជាគម្រូបាន។

រដ្ឋលេខាធិការរូបនេះ បានបន្ដទៀតថា តាមរយៈការតាមដានស្រង់យកទិន្នន័យជារៀងរាល់សប្ដាហ៍ រហូតមកដល់រយៈពេល ២១២ថ្ងៃឬជាង៧ខែនេះ ជាលទ្ធផលសម្រេចបាន៖

*ទី១៖ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្មេងទំនើង ៧២០រឿង ដែលចាត់ការបាន៧១៥រឿង។

*ទី២៖ សំណុំរឿងដែលស្ថិតក្នុងចៅក្រមស៊ើបសួរមាន៧៩៦ សំណុំរឿង ហើយបានចាត់ការចំនួន៥១០សំណុំរឿង ហើយសំណុំរឿងដែលនៅសល់មានចំនួន២៨៦សំណុំរឿង ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរគឺមានចំនួន ៦៩៩សំណុំរឿង ដែលត្រូវបានឃុំខ្លួនដោយមានជនជាប់ចោទចំនួន ២,៨៤៩នាក់។

*ទី៣៖ សំណុំរឿងជំនុំជម្រះបានទទួលប្រមាណ ៥៩៩ករណី ដែលចាត់ការបាន ៣៥៤ករណី និងនៅសល់២៤៥សំណុំរឿងកំពុងពិនិត្យនិងចាត់ការតាមនីតិវិធីច្បាប់។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន នឹងអាចទទួលបាននៅព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធចំណាត់ការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តអំពីចំណាត់ការដ៏មុឺងម៉ាត់នេះ៕