(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីសម្តេចមិនស្រែកឆ្លើយឆ្លងតាមបណ្តាញសង្គមហ្វេសប៊ុក មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដីទោះទេ និងជម្រុញការអភិវឌ្ឍប្រទេសលើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ គឺរាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃ តាមរយៈការពង្រឹងធនធានមនុស្ស ពង្រឹងភាពម្ចាស់ការរបស់កម្ពុជា ពង្រឹងអធិបតេយ្យដើម្បីកំណត់ជោគវាសនារបស់ជាតិដោយខ្លួនឯង។
ថ្លែងនាឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រឿងកិច្ចការពារបូរណភាពទឹកដី រឿងកិច្ចការព្រំដែនយើងតែងតែធ្វើជាប្រចាំ ហើយយើងធ្វើសកម្មភាពជាក់ស្តែង គិតវិជ្ជមាន រួមគ្នាធ្វើ ធ្វើអ្វីឱ្យពិតប្រាកដ មិនមែនធ្វើឡើងតាមរយៈការតតាំងគ្នាតាមហ្វេសបុកនោះទេ, រឿងទឹកដីយើងត្រូវការពារ ត្រូវមានការចរចារបោះបង្គោលឱ្យបានសុក្រិតតាមផែនទីផ្លូវច្បាប់របស់យើង។
ស្របជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រដ្ឋាភិបាលមិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាលមិនធ្វើការដើម្បីការពារ កសាងពង្រឹងបូរណភាពទឹកដី និងជម្រុញការអភិវឌ្ឍប្រទេសរបស់យើង លើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ យើងធ្វើរាល់ថ្ងៃ ហើយថ្ងៃនេះក៏ជាកត្តាមួយដែរយើងពង្រឹងធនធានមនុស្ស គឺពង្រឹងភាពម្ចាស់ការរបស់កម្ពុជា ពង្រឹងភាពម្ចាស់ការក្នុងការឯករាជ្យ អធិបតេយ្យកំណត់ជោគវាសនាខ្លួនឯង នេះហើយយើ់ងធ្វើរាល់ថ្ងៃស្រលាញ់ជាតិនោះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះ មិនចាំបាច់នោះទេ គឺយើងត្រូវរួមគ្នាធ្វើការងារជាក់ស្តែង នេះគឺជាកិច្ចការមួយដែលសំខាន់ដែលយើងត្រូវធ្វើ៕