(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្រឡាញ់ និងការពារជាតិមាតុភូមិ ប៉ុន្តែមិនត្រូវធ្វើសកម្មភាព ដែលនាំឱ្យជាតិមានជម្លោះ ឬការបែកបាក់ណាមួយនោះឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី សាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងស្រលាញ់ជាតិ ពីណាក៏ស្រលាញ់ដែរ រឿងការពារបូរណភាពទឹកដី ការព្រួយបារម្ភត្រូវតែមាន កូនខ្មែរគ្រប់រូប ត្រូវតែបារម្ភ ប៉ុន្ដែសកម្មភាពនៃការបញ្ចេញ នៃការបារម្ភត្រូវធ្វើម្ដេច ដើម្បីកុំឲ្យមានការបែកបាក់ ដែលជាកត្ដាធ្វើឲ្យបាត់បង់»

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការការពារព្រួយបារម្ភអំពីទឹកដី ត្រូវតែការពារ តាមរយៈគោលការណ៍៣ ដែលរដ្ឋាភិបាល បានធ្វើកន្លងទៅ គឺប្រឹងប្រែងចរចាកំណត់ព្រំដែនឱ្យច្បាស់, បោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា បើទោះបីសម្តេច​មិន​ស្រែក​តាមហ្វេសប៊ុក មិនមែនរាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើ​រាល់ថ្ងៃ លើកិច្ចការបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិ។

សូមបញ្ជាក់ផងដែរថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ​ដោយ​ផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការ​ចូលរួមដោយស្ម័គ្រ​ចិត្តរបស់​ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុស​ពីប្រជាពលរដ្ឋ​សរុប​ជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារ​អាមេរិក។

ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវ​ខ្សែ​ក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្ត​មណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែង​សរុប ១០២,៤៨គីឡូម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់​មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដី​ជាច្រើន​ផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោស​សម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡា​ផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្ប​ការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការ​ដ្ឋានជាផ្លូវ​ការ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕