(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា កម្ពុជា និងឡាវជាប្រទេសភូមិផងរបងជាប់គ្នា ជាមិត្ត ជាបងប្អូន និងធ្លាប់មានប្រវត្តិតស៊ូរួមគ្នា ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ ដណ្តើមឯករាជ្យ សេរីភាព និងអធិបតេយ្យភាពពីអាណានិគមនិយម និងចក្រពត្តិនិយម។
នាយឧត្តមសេនីយ៍ បន្ដទៀតថា បច្ចុប្បន្នប្រទេសទាំងពីរទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ចំណែកប្រជាជនទាំងពីរ ជាពិសេសប្រជាជននៅខេត្តជាប់ព្រំដែន បានប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមកដោយរីករាយ។
នាយឧត្តមសេនីយ៍ បានថ្លែងថា សមិទ្ធផលទាំងនេះបានមកដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងរក្សាបាននូវចំណងមិត្តភាពជាប្រពៃណី និងយុទ្ធសាស្ត្រ។ ក្នុងនោះ ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរនឹងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីការអភិវឌ្ឍអតីតយុទ្ធជនឱ្យកាន់តែមានជីវភាពប្រសើឡើង។
នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា គោលបំណងចម្បងនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកបដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្រ្គាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ សង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអតីតយុទ្ធជនឡាវ និងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងសមាគមអតីតយុទ្ធជនឱ្យកាន់តែស្អិតរមួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការ ពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងដ៏ល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងប្រទេសទាំងពីរឡាវ-កម្ពុជា៕