ក្រុមការងារអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំការប្រឡងយកអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យលីមកុកវីង
25-12-2024 20:07
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហការជាមួយសាកលវិទ្យាល័យលីមកុកវីង បានរៀបចំការប្រឡងយកអាហារូបករណ៍ ដើម្បីសិក្សានៅសាកលវិទ្យាល័យលីមកុកវីង។
ការប្រឡងដំណាក់កាលទី១នេះ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យលីមកុកវីង លើវិញ្ញាសាអង់គ្លេស និងគណិតវិទ្យា។ បេក្ខជនដែលជាប់ក្នុងដំណាក់កាលទី១ នឹងត្រូវអនុញ្ញាតឱ្យបន្តការប្រឡងដំណាក់កាលទី២ គឺសម្ភាសន៍ផ្ទាល់មាត់ ដែលជាដំណាក់កាលចុងក្រោយ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនកន្លែងដល់សិស្សមកពីគ្រួសារក្រីក្រ ដើម្បីពួកគេមានឱកាសទទួលបានការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា។
អាហារូបករណ៍នេះ ត្រូវបានផ្តល់នៅតាមសាកលវិទ្យាល័យជាច្រើន។ តាមរយៈអាហារូបករណ៍នេះ បានផ្តល់ឱកាសឱ្យសិស្សមកពីគ្រួសារក្រីក្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សាទទួលបានចំណេះជ្រៅជ្រះឆ្ពោះទៅការកសាងអនាគតដ៏ល្អប្រសើរ និងក្លាយជាធនធានដ៏ប្រសើរសម្រាប់សង្គម៕