(ភ្នំពេញ)៖ រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅប្រទេសកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់។ នេះបើតាម លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ថា «ជាង៧ខែ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធក្មេងទំនើង ដែលបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត មានសរុប៧២០សំណុំរឿង និងបានចាត់ការសំណុំរឿងទូទាំងប្រទេសបានចំនួន៧១៥សំណុំរឿង ស្មើនឹង៩៩.៣០% និងឃាត់ខ្លួនមនុស្ស ៣,៣០០នាក់»។
បើតាម លោក កេង សុម៉ារិទ្ធ, ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរទាំងអស់ គឺបានចាត់ការចំនួន៥១០សំណុំរឿង ដែលស្មើនឹង ៦១.១០ភាគរយ ហើយសំណុំរឿងដែលនៅសល់មានចំនួន២៨០សំណុំរឿង ស្មើនឹង៣៥.៩០ភាគរយ។
បើតាមមន្ត្រីដដែល, ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរ គឺមានចំនួន ៦៩៦ សំណុំរឿង ដែលត្រូវបានឃុំខ្លួនដោយមានជនជាប់ចោទចំនួន ២,៨៤៩នាក់ ហើយក្នុងចំណោមនោះ មានសំណុំរឿងត្រូវបានជំនុំជម្រះរួចចំនួន៣៥៤ករណី ស្មើនឹង៥៩.១០ភាគរយ ហើយនៅសល់សំណុំរឿងប្រមាណ២៤៥សំណុំរឿងទៀត កំពុងបន្តនីតិវិធី។ ក្នុងចំណោមសំណុំរឿងដែលជំនុំជម្រះនោះ គឺមានការផ្តន្ទាទោស ១,៤៥៩នាក់ផងដែរ។
ជាមួយគ្នានេះ លោក កេង សុម៉ារិទ្ធ បានលើកឡើងថា សំណុំរឿងក្មេងទំនើងដែលច្រើនជាងមាននៅក្នុងរាជធានីភ្នំពេញ, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ខណៈដែលខេត្ដតិចជាងគេ គឺខេត្តស្ទឹងត្រែង, កែប, ប៉ៃលិន និងព្រះវិហារ។
លោក កេង សុម៉ារិទ្ធ បានសង្កត់ធ្ងន់ថា «មិនមានការលើកលែង និងបន្ធូរបន្ថយសំណុំរឿងក្មេងទំនើងនោះទេ»។
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕