(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មាន ករណីក្មេងទំនើង ដែលតែងតែបង្កអំពើហិង្សា កាប់ប្រហារគ្នា អុកឡុកសង្គម នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
វាគ្មិនក្នុងសន្និសីទសារព័ត៌មាននេះ រួមមាន លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌, លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, លោក សេង ឌីណា រដ្ឋលេខាធិការ, លោកស្រី សុខ វិសាល ប្រធាននាយកដ្ឋាន និងលោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋាន។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបំភ្លឺជូនដោយផ្ទាល់ ដល់អ្នកសារព័ត៌មាន និងជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើ ករណីក្មេងទំនើងនេះ និងលទ្ធផលទទួលបានក្រោយពេលប្រកាសចេញយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា សា្ថប័នអយ្យការ និងតុលាការ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើករណីក្មេងទំនើងនេះ ដោយភាគច្រើនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ធ្វើឲ្យខូតខាតដោយចេតនា ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស ហិង្សាដោយចេតនា ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម ដែលមានទោសចាប់ពី១ឆ្នាំ ដល់៤ឆ្នាំ ហើយអនីតិជនត្រូវបានបន្ថយពាក់កណ្ដាលនៃនីតិជន។
ចំពោះករណីក្មេងទំនើងខាងលើនេះ បើពិនិត្យអំពីទំនាក់ទងហេតុដែលនាំឲ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើននឹងការសេពគប់មិត្តខុស ដើលេងស៊ីផឹកពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀន ជាដើម។ ក្រោយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ពាក់ព័ន្ធករណីក្មេងទំនើងនេះ គឺមានការ ថយចុះ ដោយយើងអាចប្រៀបធៀបនូវករណីសំណុំរឿងនៅក្នុងខែដំបូងនៃការចាប់ផ្តើមយុទ្ធនាការ ប៉ុន្ដែត្រូវបន្តនូវវិធានការម៉ឺងម៉ាត់នេះតទៅទៀត ដោយគ្មាការលើលែង ដើម្បី ការពារ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ពិសេសភាពសុខសាន្តរបស់ប្រជាជន៕
ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌៖