(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រា​ហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌា​ប្រចាំ​កម្ពុជា ដែលបានចប់អាណត្តិការងារ ចូលជួបសម្ដែងការគួរសម និងជម្រាប​លា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ​ ទទួលជួប​លោក​​ស្រី​ឯក​អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី មុនពេលដែលលោកស្រីចាកចេញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​កម្ពុជា​-ឥណ្ឌា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាល​ដាលជំងឺ​កូវីដ​១៩ និងជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​កម្ពុជា និងជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោកនៅឥណ្ឌា ក្នុងឱកាសអបអរសាទរខួប​លើកទី​៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងអំណរអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជួបលោកស្រី និងសហការី ទោះបីសម្តេចមានកិច្ចការ​ដ៏មមា​ញឹកក៏ដោយ។ លោកស្រី បានសម្តែងការដឹងគុណសម្តេចតេជោ ចំពោះការ​ណែ​នាំភាពជាអ្នកដឹកនាំ និងមិត្តភាព ដែលនាំឱ្យលោកស្រី​សម្រេច​បាន​នូវ​បេសកកម្មការទូតរយៈពេល៤ឆ្នាំនៅកម្ពុជា ជាមួយសមិទ្ធផលប្រកបដោយ​ក្តីពេញចិត្ត។

លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការរៀបចំ​ក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជម្នះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយ​រលូន​ទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។

លោកស្រី​ឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិស័យ និងភារកិច្ចធំចំនួនបួន​ដែលសម្តេចតេជោ បានណែនាំដល់លោកស្រីនាដើមអាណត្តិការទូត ដែល​រួម​មាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា សន្ធិ​សញ្ញា​វិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ​ ទៅរដ្ឋ​ធានីញូវដែលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅ​កម្រិត​​​កំពូល។ ក្នុងចំណោមកិច្ចការទាំងនោះ លោកស្រីឯកអគ្គរដ្ឋទូត សម្រេចបានជោគជ័យក្នុងការភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅរដ្ឋធានីញូវដែលីនៅឆ្នាំនេះ ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការ​តភ្ជាប់​ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។

លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគម្រោងផ្សេងៗដែលឥណ្ឌាបានធ្វើ ហើយ​នឹងជួយដល់កម្ពុជា រួមមានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះ​វិ​ហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូន​សត្វ​ខ្លា និងព្រះបរមសារីរិកធាតុរបស់ព្រះសមណគោត្តមមកកម្ពុជានាពេលដ៏​ខ្លី​ខាងមុខ។

នៅក្នុងសកម្មភាពមីន លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរ​ចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំយ៉ាង​ជោគ​ជ័យ​​នូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែល​កម្ពុជាជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូត បានគូស​បញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៍យ៉ាងទូលំទូលាយខាងនយោ​បាយសកល។ សំឡេងគាំទ្ររបស់សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។

លោកស្រី បានអរគុណសម្តេចតេជោ ដែលបានគាំទ្រប្រទេសឥណ្ឌា ជាតួអង្គ​លេច​ធ្លោនៃ Global South និងជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើបញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ ...។

លោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់​របស់កម្ពុជា​នៅ​ក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកស្រីឯកអគ្គរដ្ឋទូត បាន​សម្តែងការជឿជាក់ខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូ​យុទ្ធសាស្រ្ត​ឥណ្ឌា​​-កម្ពុជា។ លោកស្រី បានបន្តជម្រាបសម្តេចតេជោ អំពី​បំណងរបស់​លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និង​សង្ឃឹមថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ នឹង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំង​ចលករ​ក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលោកស្រីឯកអគ្គរដ្ឋទូត ចំពោះ​ការ​វាយតម្លៃខ្ពស់របស់លោកស្រី ចំពោះការដឹកនាំ និងរៀបចំអ្នក​បន្ត​វេន​របស់​សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែល​នៃ​ប្រវត្តិ​​សាស្រ្ត និងរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។

សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេស​ទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រ និងជួយ​គ្នា​ទៅ​វិញទៅមកនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងក្តីរីករាយ​ចំពោះ​ការសម្រេចចក្ខុវិស័យ និងភារកិច្ចធំៗមួយចំនួន និងមួយចំនួន​កំពុង​ត្រូវ​បាន​ជំរុញបន្ថែម ជាតួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្ម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះ​ហើរត្រង់​របស់ប្រទេសទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះ​ទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចតេជោ បានស្វាគមន៍​ចំពោះ​​សត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់ព្រះសមណគោត្តម ដែល​នឹងមកដល់កម្ពុជានាពេលខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ក៏ប៉ុន្តែមិនទាន់ស័ក្តិសម​នឹងសក្តា​នុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែម​ទៀត​នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាង​កម្ពុជា-ឥណ្ឌា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា បានសម្របសម្រួល​គោល​នយោបានការបរទេសជាមួយបណ្តាប្រទេស Global South ក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ៕