(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើពិធីចែកអំណោយជូន ដល់ប្រជាពលរដ្ឋក្រីក្រ  លោកតា លោកយាយ ប្រមាណ ៣០០នាក់ នៅក្នុងបរិវេណវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ។  

អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ទាំង៣០០នាក់ ក្នុងឱកាសនោះ ម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគមួយកញ្ចប់ ដែលរួមមាន មី ទឹកក្រូច ស្ករស តែ ត្រីខ ទៀន ធូប និងថវិកា ចំនួន ៥០០០រៀល។  

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានធ្វើការថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការ សឿ ហេង ដែលជានិច្ចកាលព្រះអង្គ បានយកព្រះទ័យទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និងលោកតា លោកយាយ ដែលជាពុទ្ធបរិស័ទ ដែលនេះជាការផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួត រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចកាត់ផ្តាច់ពីគ្នា បានក្នុងការអភិវធ្ឍជាតិយើង។

លោកអភិបាលខណ្ឌក៏បានលើកឡើង អំពីការអភិវឌ្ឍប្រទេសជាតិក្រោម ការដឹកនាំប្រកបដោគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអភិវឌ្ឍ ប្រទេសអោយរីកចំរើនរុងរឿង សម្បូរសប្បាយ និងមានសុខសន្តិភាពយ៉ាងបរបូរណ៍៕