(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបសម្តែងការគួរសម និងជម្រាបលា។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសនេះ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណចំពោះសម្តេចតេជោ ដែលបានគាំទ្ររូបលោក ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ និងជាពិសេសក្នុងរយៈពេលរូបលោកបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឱ្យទទួលបានជោគជ័យ។
ក្នុងនាមជាជនជាតិវៀតណាមម្នាក់ លោកឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។ លោក បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល បាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននាំមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូនសម្តេចតេជោថា រូបលោក មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងាររូបនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សេន ជាប្រធាន និងគណបក្សកុម្មុយនិស្តវៀតណាម មានលោក តូ ឡឹម ជាប្រធាននោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាម ចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើនឡើង។ សម្តេចតេជោ បានលើកឡើងថា ជាកត្តាសត្យានុម័ត ប្រសិនបើគ្មានមានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក។
សម្តេចតេជោ បានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និង បានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទានគ្រឿងឥស្សរិយយសជូនរូបលោក ដែលជារង្វាន់ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់រូបលោក ក៏ដូចជាស្ថានទូតវៀតណាម៕