(ព្រះវិហារ)៖ អង្ក្រងត្រូវបានមនុស្សមួយចំនួន ចាត់ទុកជាសត្វមានប្រយោជន៍តិចតួច ឬអ្នកខ្លះចិញ្ចឹមវាដើម្បីលក់ប៉ុណ្ណោះ ដោយមានមនុស្សភាគតិចណាស់ដែលដឹងថា អង្ក្រងជាសត្វដែលមានអត្ថប្រយោជន៍ខ្លាំង សម្រាប់វិស័យកសិកម្ម ជាពិសេសការដាំស្វាយចន្ទីបែបសេរីរាង្គ។
ការប្រើប្រាស់បច្ចេកទេសរក្សាអង្ក្រង នៅលើដើមស្វាយចន្ទី គឺជាបច្ចេកទេសថ្មីមួយ ដែលអ្នកជំនាញកសិកម្មនៅកម្ពុជា បានសិក្សាបច្ចេកទេសពីប្រទេសវៀតណាម និងចាប់ផ្តើមឱ្យកសិករអនុវត្តកាលពីឆ្នាំ២០២៣ នៅក្នុងចម្ការស្វាយចន្ទី របស់កសិករមួយចំនួននៅស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល ដំណោះស្រាយបែបធម្មជាតិនេះ បានជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃ បង្កើនទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី ហើយជាពិសេសនោះ បានជួយកាត់បន្ថយការចំណាយរបស់កសិករ ទៅលើការទិញបាញ់ថ្នាំគីមីសម្លាប់សត្វល្អិត និងកាត់បន្ថយការចំណាយក្នុងផលិតកម្ម ព្រមទាំងជួយបង្កើនប្រាក់ចំណូល។ បច្ចេកទេសនេះ គឺជាវិធីសាស្រ្តមួយនៃការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ដើម្បីជួយកសិករ បរិស្ថាន និងអ្នកបរិភោគឱ្យមានសុខភាពល្អ និងពង្រឹងសមត្ថភាពបន្សុំានៃប្រព័ន្ធកសិកម្មផងដែរ។
លោក ម៉ាំង ប្រុស មន្ត្រីសម្របសម្រួលគម្រោង ASSET បានពន្យល់ពីហេតុផល ដែលកសិករគួរតែដាក់អង្ក្រង នៅលើដើមចន្ទីយ៉ាងដូច្នេះថា «នៅពេលដែលស្វាយចន្ទីចេញត្រួយ ផ្កា និងក្តឹបនឹងមានសត្វល្អិតជាច្រើនចាំបំផ្លាញ នៅពេលដែលដាក់អង្រ្កង នៅលើដើមចន្ទីវានឹងទៅស៊ីសត្វល្អិត ដែលគ្មានប្រយោជន៍»។
លោកបានឱ្យដឹងដែរថា តាមការពិសោធន៍កន្លងមក រវាងដើមស្វាយចន្ទីដែលមានអង្រ្កង ទទួលបានទិន្នផលលើសដើមចន្ទី ដែលគ្មានអង្រ្កងប្រមាណ ២០%។
តែយ៉ាងណានេះក្តី លោកបានលើកឡើងថា ដើម្បីដាក់អង្រ្កងនៅលើដើមឱ្យវានៅបានយូរ ម្ចាស់ចម្ការក៏ត្រូវតែសិក្សាពីប្រភេទអង្ក្រងផងដែរ ព្រោះអង្ក្រងវាមានពូជ មានគ្រួសាររបស់វា បើដាក់ជុំគ្នាវានឹងខាំគ្នាងាប់។
«ជាមួយគ្នានេះ ម្ចាស់ចម្ការក៏ត្រូវពិនិត្យមើលផងដែរ ថាតើនៅលើដើមនៅមានពពួកសត្វត្រោក ឬស្រមោចក្រហម ស្រមោចខ្មៅនៅលើដើមដែរ ឬទេ ព្រោះបើដាក់ទៅវានឹងប្រឆាំងគ្នា។ ក្នុងករណីដែលមានពពួកសត្វទាំងអស់នោះ គឺត្រូវតែកំចាត់វាចេញ»។ លោក ម៉ាំង ប្រុស លើកឡើងបន្ថែម។
កសិករវ័យប្រមាណជាង ៧០ឆ្នាំ លោក អ៊ីន គិននី ដែលកំពុងដាំដុះស្វាយចន្ទីលើផ្ទៃ៣ហិកតា នៅក្នុងភូមិប៉ាហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានលើកឡើងថា កាលពីដំបូងឡើយ លោកមិនដែលគិតថា អង្រ្កងជាសត្វមានប្រយោជន៍ សម្រាប់វិស័យកសិកម្មនោះទេ ប៉ុន្តែក្រោយពីទទួលបានការបណ្តុះបណ្តាល ពីអ្នកជំនាញកសិកម្មនៅក្នុងគម្រោង អាសិតមក លោកក៏បានចាប់ផ្តើមសាកល្បងអនុវត្តយកអង្រ្កង ដាក់នៅលើដើមស្វាយចន្ទី ដែលលទ្ធផល លោកសង្កេតឃើញថា ស្វាយចន្ទីដែលមានអង្រ្កង ផ្តល់ទិន្នផលច្រើនជាង ខណៈគ្រាប់ក៏មានគុណភាពល្អស្របតាមស្តង់ដារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានលើកទឹកចិត្តដល់កសិករ ជាពិសេសអ្នកផលិតស្វាយចន្ទីសេរីរាង្គ គួរតែជ្រើសរើសបច្ចេករក្សាអង្ក្រងនៅលើដើម ព្រោះអង្រ្កងមានប្រយោជន៍ខ្លាំងណាស់ ខណៈដែលកន្លងមកកសិករ ដែលដាំស្វាយចន្ទីបានជួបបញ្ហាប្រឈមជាច្រើន ជាពិសេសនៅពេលចេញត្រួយ និងផ្កា ដោយសារមានសត្វល្អិតចង្រៃ៕