(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលានេះ មានករណីដ៏រន្ធត់មួយ កើតឡើងដោយសារបាក់ថ្មភ្នំមួយកន្លែង ស្ថិតក្នុងភូមិភ្នំធំខាងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់បានស្លាប់ និងមួយចំនួនទៀត កំពុងកាយរកក្នុងពំនូកថ្មភ្នំនោះ នេះបើតាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Fresh News ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា អ្នកដែលស្លាប់ទាំង៣នាក់ខាងលើ មានឈ្មោះ ទី១.ហែម គឹមលេង ហៅឡុំ អាយុ៥២ឆ្នាំ, ទី២.លឹម គឹមឡុង អាយុ២៦ឆ្នាំ និងទី៣.ឈ្មោះ ថង ស៊ីថ ហៅសាន់ អាយុ៣៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិភ្នំដំបងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរ។ មកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងគ្រឿងចក្រជាច្រើនគ្រឿង កំពុងធ្វើការកាយរកជនរងគ្រោះដទៃទៀត ដែលកំពុងជាប់ក្នុងពំនូកថ្មភ្នំ៕