(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ស្រុក/ក្រុង ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីកន្លែងរៀបចំពិធីឆ្លងឆ្នាំ និងរមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ដោយកំណត់មុខសញ្ញាផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់មិនឱ្យកើតមាន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយជនទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នាពេលថ្មីៗកន្លងទៅនេះ, លោកអភិបាលខេត្តកណ្ដាល បញ្ជាក់ទៀតថា ដើម្បីបង្ការភាព សប្បាយរីករាយ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ២០២៥ កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ស្រុក/ក្រុង ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅតាមទីកន្លែងរៀបចំពិធីឆ្លងឆ្នាំ និងរមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ដោយកំណត់មុខសញ្ញាផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់មិនឱ្យកើតមាន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាព បង្កការអុកឡុកដោយជនទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។

យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្តតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវអំពើហិង្សា ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ការលេងល្បែងស៊ីសងខុសច្បាប់ ការជួញដូរ-ប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យជះឥទ្ធិពលដល់ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» នៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕