(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពញ្ញាស្មារតីដល់និស្សិតគ្រប់រូបថា សូមកុំសប្បាយចិត្តក្រោយបញ្ចប់ការសិក្សាហើយបានទទួលសញ្ញាបត្រ តែត្រូវសប្បាយចិត្តនៅពេលបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ តើមានគុណភាព ប្រើការកើត ឬទេ ឬអាចស្វែងរកការងារធ្វើបាន ឬអត់?។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតអញ្ជើញថ្លែងក្នុងពិធី «បើកបវេសនកាលថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រ» នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា មិនអនុញ្ញាតឱ្យនិស្សិតណាម្នាក់បញ្ចប់ការសិក្សាដោយគ្មានស្នាដៃនោះទេ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភា នឹងមានមោទកភាពចំពោះសមិទ្ធផលនៃការសិក្សារបស់ខ្លួន។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំសប្បាយចិត្តបានទទួលសញ្ញាបត្រ ត្រូវសប្បាយចិត្តនៅពេលបញ្ចប់ទៅសញ្ញាបត្រហ្នឹងយកទៅប្រើអីកើត មានគុណភាពយ៉ាងដូចម៉េច? អាហ្នឹងបានមានតម្លៃ អាហ្នឹងបានអស្ចារ្យ បើគ្រាន់តែយកសញ្ញាបត្រចុងក្រោយរកការងារធ្វើអត់បានតើមានន័យអី?»

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីបង្កើតរាជបណ្ឌិត្យសភាកម្ពុជា​មិនដែលបបើកបង្រៀនកថ្នាក់បញ្ញាបត្រនោះទេ ដូច្នេះ នៅចុងឆ្នាំ២០២៤ គឺព្រឹត្តិការណ៍ទី១ក្នុងប្រវត្តិសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា បើកថ្នាក់បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ដូច្នេះសម្រាប់និស្សិតដែលបានចុះឈ្មោះចូលសិក្សាថ្នាក់បញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា គឺជាមនុស្សទី១។

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា សម្រាប់និស្សិតដែលសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែសរសេរសារណា និងនិក្ខេបបទទាំងអស់ ចំណុចនេះមិនមែនការចាប់បង្ខំឱ្យនិស្សិតអនុវត្តនោះទេ ប៉ុន្តែ គឺធ្វើឡើងដើម្បីឱ្យនិស្សិតមានគុណភាពគ្រប់គ្រាន់បន្ទាត់ពីបញ្ចប់ការសិក្សារបស់ខ្លួន។

គួរឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍ជូនដូចខាងក្រោម ទី១៖ និទ្ទេស A ផ្ដល់អាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ, ទី២៖ និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈពេល៤ឆ្នាំ និងទី៖ និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈពេល៤ឆ្នាំ សម្រាប់កាលបរិច្ឆេទចូលរៀន លើកទី១៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមគូសបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបើកបវេនកាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជា ទី១-ស្វាគមន៍និស្សិតថ្នាក់បរិញ្ញាបត្រទាំងអស់មកកាន់រាជបណ្ឌិត្យសភាកម្ពុជា ទី២-ណែនាំនិស្សិតអំពីបទបញ្ជាផ្ទៃក្នុង នីតិវិធី គោលការណ៍ និងក្របខ័ណ្ឌគុណវុឌ្ឍិនៃរាជបណ្ឌិត្យសភាកម្ពុជា ទី៣-បង្ហាញអំពីកម្មវិធីសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ ទី៤-ណែនាំគ្រូបង្រៀនតាមមុខជំនាញនីមួយៗ និងទី៥-ទស្សនាបរិវេណទីតាំងនិងបន្ទប់សិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕