Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺ៖ រដ្ឋមន្ត្រីធនធានទឹក កាត់ចោល​បេសកកម្ម​នៅខេត្តផ្សេងៗ​មកខេត្តកំពង់ស្ពឺវិញ ខណៈស្ថានភាព​អាចគ្រប់គ្រងបាន

16-10-2016 14:51

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើង និងធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរ (ការហូរច្រោះ រន្ធនាគ)។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ចំពោះមុខបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានកាត់ចោលនូវដំណើរ បំពេញបេសកកម្មក្នុងខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត វិលមកកាន់ខេត្តកំពង់ស្ពឺវិញ ដើម្បីដឹកនាំការបង្វែរទឹកជំនន់ និងទប់ស្កាត់ការហូរច្រោះទំនប់ និងសណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាល។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា តាមរយៈការចាត់វិធានការទាំងនេះ ស្ថានភាពជំនន់នៅខេត្តកំពង់ស្ពឺ មកដល់ពេលនេះ ពុំទាន់មានអ្វីប្រឈមធ្ងន់ធ្ងរទេ ក្រុមការងាររបស់ក្រសួង គឺអាចគ្រប់គ្រងស្ថានភាពនេះបាន៕