(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង បានទទួលសំណើរ សំណូមពរនឹងកង្វល់ពីប្រជាពលរដ្ឋ ១២ករណី ហើយបានធ្វើការដោះស្រាយភ្លាមៗទាំងអស់១២ករណីក្នុងអង្គវេទិកាបាន ដោយជោគជ័យ ដែលមានអ្នកចូលរួមមកពី មន្ទីរនានា ជុំវិញខេត្ត, ក្រុមប្រឹក្សាក្រុង សង្កាត់, មន្រ្តីរាជការ,លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កងកម្លាំងទាំងបី និង ប្រជាពលរដ្ឋ និងពាក់ព័ន្ធមួយចំនួនទៀតចូលរួមជាង១ពាន់នាក់។

លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នាថ្ងៃនេះគឺដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ក្រុមប្រឹក្សាសង្កាត់ និងសហគមន៍ប្រជាពលរដ្ឋប្រមូលមកពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុងសមាជិកក្រុមប្រឹក្សា សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។

លោក សុខ លូ បានបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាព សំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោក អ៊ុយ រី មានប្រសាសន៍បិទវេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរទាំងអស់មានអ្នកសួរផ្ទាល់មាត់មាន៧នាក់ មានសំណួរចំនួន០១ និង១១សំណូមពរ ក្នុងនោះមានការសរសេរ លើក្រដាស់០១ សរុប មាន១២ករណី របស់អ្នកចូលរួម ហើយត្រូវបានគណៈអធិបតី ធ្វើការដោះស្រាយភ្លាមៗនៅក្នុងអង្គវេទិកា ប្រកបដោយជោគជ័យផងដែរ៕