(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល» នៅសហសាលសាលាភូមិន្ទរដ្ឋបាល ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ ជាតំណាង និងមន្ត្រីបច្ចេកទេសនៃក្រសួងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធចំនួន២០ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៤។
នាឱកាសនោះលោក យក់ ប៊ុនណា បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល» នាថ្ងៃនេះ គឺដើម្បីប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលក្នុងការកែលម្អកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសាធារណៈ ឱ្យស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលរបស់សិស្សមន្ត្រីជាន់ខ្ពស់ និងការបណ្តុះបណ្តាលសិស្សមន្ត្រីក្រមការ គឺជាកម្មវិធីរយៈពេលវែង ដែលមានរយៈពេល ២ឆ្នាំ ឬ២៤ខែ សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ និងរយៈពេល ១ឆ្នាំ ឬ១២ខែ សម្រាប់សិស្សមន្ត្រីក្រមការ។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការនឹងត្រូវបញ្ជូនទៅបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសិស្សមន្ត្រីបានជ្រើសរើសជាមុន ចាប់តាំងពីពេលដាក់ពាក្យចូលរួមការប្រឡង។
លោក យក់ ប៊ុនណា បានបន្ថែមថា សិស្សមន្ត្រីជាន់ខ្ពស់នឹងត្រូវទៅបំពេញការងារនៅរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ចំណែកសិស្សមន្ត្រីក្រមការ នឹងទៅបំពេញការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ១៨០ ដែលបានបញ្ជាក់អំពីតម្រូវការមន្ត្រីជាមុន។
នៅក្នុងឱកាសនេះលោក ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានធ្វើបទបង្ហាញអំពីគោលគំនិត និងមូលហេតុនៃការធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សារបស់សិស្សមន្ត្រី។ បន្ទាប់មកអង្គសិក្ខាសាលាក៏មានកិច្ចពិភាក្សាតាមក្រុម ដែលត្រូវបានសម្របសម្រួលដោយលោក ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។
នៅចុងក្រោយអង្គសិក្ខាសាលា ក៏មានរៀបចំរបាយការណ៍បូកសរុបនៃកិច្ចពិភាក្សារបស់អង្គសិក្ខាសាលាទាំងមូល ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលជាបន្តបន្ទាប់ផងដែរ៕