(ភ្នំពេញ)៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ជាស្ថាប័នមួយយ៉ាងសំខាន់ ដែលបង្កើតឡើងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានីខេត្ត ជាសមាជិករបស់ខ្លួន ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់ របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទមហាសន្និបាតលើកទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបានដំណើរការមកទល់ពេលនេះអស់រយៈពេលមួយថ្ងៃកន្លះ នៅមជ្ឈមណ្ឌលមន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមអភិសន្តិបណ្ឌិត ស សុខា, លោក ប៊ុន ហុន បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះលោកប្រធាន លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំរួមគ្នាក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះលោក ប៊ុន ហុន បានផ្តល់មតិចំនួន ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត ដូចខាងក្រោម៖
*ទី១៖ គាំទ្រចំពោះលទ្ធផល នៃមហាសន្និបាតលើកទី៣របស់សមាគមជាតិ ដែលបានពិភាក្សា និងឯកភាពគ្នាក្នុងមហាសន្និបាតនេះ និងសូមផ្តល់ការលើកទឹកចិត្តដល់សមាគមក្នុងការបន្តពង្រឹងសមត្ថភាពសមាជិក របស់ខ្លួន ដើម្បីរួមចំណែកជាមួយ គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីធានាដល់ការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួនផង និងមុខងារជាច្រើនទៀតដែលបានផ្ទេរ និងបន្តផ្ទេរនាពេលខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។
*ទី២៖ ស្នើក្រុមប្រឹក្សារាជធានី ខេត្ត ពង្រឹងការអនុវត្តការងាររបស់ខ្លួនដូចជា កិច្ចប្រជុំសាមញ្ញប្រចាំខែ ការរៀបចំវេទិកាសាធារណៈ ការរៀបចំ ការអនុម័ត និងការអនុវត្តផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ គម្រោងថវិកា និងកិច្ចលទ្ធកម្មជាដើម ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
*ទី៣៖ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេស សេវាសង្គមដែលជាតម្រូវការចាំបាច់របស់ប្រជាជនដែលភាគច្រើនជាអ្នកមានជីវភាពទន់ខ្សោយ និងងាយរងគ្រោះ ដោយប្រើប្រាស់ធនធានថវិការបស់ខ្លួន និងការខិតខំកៀរគរធនធានស្របច្បាប់ផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយយុត្តិធម៌ សមធម៌ និងបរិយាប័ន្ន។
*ទី៤៖ បន្តខិតខំគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបន្តថែរក្សា នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន ព្រមទាំង ការលើកកម្ពស់សិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគ្មាន ការរើសអើង ប្រកាន់បក្សពួកនិងនិន្នាការនយោបាយ។
*ទី៥៖ ចំពោះបញ្ហាប្រឈមនានាដែលក្រុមប្រឹក្សាជាតិនៃសមាគមក្រុមប្រឹក្សាថ្នាក់តំបន់ បានជួបប្រទះ ដែលតម្រូវឱ្យមានការជួយគាំទ្រ និងសម្របសម្រួលដោះស្រាយពី គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ខ្ញុំស្នើឱ្យសមាគម លើកយកបញ្ហាទាំងនេះទៅពិភាក្សាជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
*ទី៦៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យស្របតាមលក្ខន្តិកៈដែល បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងត្រូវបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
ដើម្បីជាសក្ខីភាពឆ្លើយតបជូនចំពោះអង្គមហាសន្និបាត ដែលបានបោះឆ្នោតជ្រើសរើសរូបលោក ម៉ប់ សារិន ប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្នុងនាមប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងនាមប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសន្យា និងទទួលយករាល់សំណូមពររបស់ក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីដាក់ជូនអង្គប្រជុំថ្នាក់ដឹកនាំសមាគមជាតិ ពិនិត្យ ពិភាក្សាស្វែងរកការគាំទ្រ និងដោះស្រាយបញ្ហា ពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
មហាសន្និបាតលើកទី៣នេះ ត្រូវបានរៀបចំឡើងស្របតាមការកំណត់នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័តឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួនរបស់សមាគម។
ផ្អែកតាមរបាយការណ៍ ស្តីពីលទ្ធផលនៃអង្គមហាសន្និបាតលើកទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរាយការណ៍ដោយលោក ម៉ប់ សារិន ដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិជាតិ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាប្រធានសមាគម ឱ្យបំពេញតួនាទីក្នុងរចនាសម្ព័ន្ធដឹកនាំ របស់សមាគមសម្រាប់អាណត្តិទី៣។ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់ សមាជិករបស់ខ្លួន។
នៅក្នុងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រតិភូមហាសន្និបាត បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាជាតិចំនួន៨៧រូប សមាជិក គណៈកម្មាធិការប្រតិបត្តិជាតិចំនួន៤៥រូប និងប្រធាន អនុប្រធានសមាគមជាតិចំនួន១៥។
ការពិភាក្សា និងអនុម័តឯកសារជំនួយស្មារតី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ជារួម មហាសន្និបាតអាណត្តិទីបីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងមក គឺថ្ងៃទី២៤ និងព្រឹកថ្ងៃទី២៥ ខែធ្នូ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ទទួលបានលទ្ធផលជាវិជ្ជមានទៅ តាមការគ្រោងទុក៕