(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ។
សម្រាប់ពិធីបើកបានធ្វើឡើងក្រោមវត្តមានលោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប និងពិធីបិទបានធ្វើឡើងក្រោមអធិបតីភាពលោកទេព នីថា អគ្គលេខាធិការ គ.ជ.ប។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រឡប់មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមទៀត ដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈពេញលេញ ងាយយល់ និងងាយអនុវត្ត ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗ ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យ សម្រេចអនុម័តឱ្យប្រើជាផ្លូវការនាឆ្នាំ២០២៥ ខាងមុខ។
ថ្លែងក្នុងឱកាសបើកកិច្ចពិភាក្សាលោក ហ៊ឺ រ៉ុង បានឱ្យដឹងថា សេចក្ដីព្រាង ប.ន.ព.ច នេះត្រូវបានរៀបចំឡើងជាថ្មីក្នុងគោលបំណងជំនួស ប.ន.ព.ច ចាស់ ដែលបានដាក់ឱ្យប្រើតាំងពីឆ្នាំ២០២១។ ប.ន.ព.ច ដែលបានអនុវត្តអស់រយៈពេលបីឆ្នាំជាងកន្លងទៅនេះមានចំណុចខ្វះខាតលើទម្រង់ ខ្លឹមសារ បច្ចេកសព្ទ ឬវាក្យសព្ទ និងអក្ខរាវិរុទ្ធដែលមានការវិវឌ្ឍថ្មីៗ ព្រមទាំងបទប្បញ្ញត្តិមួយចំនួននៃ ប.ន.ព.ច ត្រូវបាន គ.ជ.ប សម្រេចជាគោលការណ៍ជំនួសបទប្បញ្ញត្តិចាស់ ដែលជាហេតុតម្រូវឱ្យរៀបចំតាក់តែងសេចក្ដីព្រាង ប.ន.ព.ច ថ្មី ដោយយក ប.ន.ព.ច មកកែសម្រួល។
អគ្គលេខាធិការរង គ.ជ.ប រូបនេះ បានបន្ថែមថា ប.ន.ព.ច ថ្មីនេះ មានគោលបំណងធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតទាំងទម្រង់ ទាំងខ្លឹមសារ ដើម្បីឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍនៃស្ថានភាពសង្គម សេដ្ឋកិច្ច ព្រមទាំងគំរូទម្រង់ស្តង់ដា នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបាននូវសង្គតិភាព និងមានលក្ខណៈពេញលេញ។ ទន្ទឹមនេះបញ្ជីបោះឆ្នោតបច្ចុប្បន្នដែលត្រូវបានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីឆ្នាំ២០១៦ បើគិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នឹងមានអាយុកាល ១០ឆ្នាំហើយ។ ក្នុងចន្លោះពេលនេះ ភិនភាគពិតរបស់អ្នកបោះឆ្នោតម្នាក់ៗក៏បានប្រែប្រួល ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតផងដែរ។ ហេតុនេះ គ.ជ.ប ចាំបាច់ត្រូវបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
ដោយឡែកសម្រាប់លោក ទេព នីថា បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការផ្ដួចផ្ដើមរៀបចំកែសម្រួលសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះ មុននឹងបញ្ជូនសេចក្តីព្រាងនេះទៅភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយពិនិត្យ និងផ្តល់យោបល់បន្ថែម។
អគ្គលេខាធិការ គ.ជ.ប, លោក ទេព នីថា សូមបញ្ជាក់ជូនថាសេចក្តីព្រាងបទបញ្ជា និងនីតិវីធីនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមួលដ្ឋានសំខាន់ៗជាអាទិ៍៖
ទី១៖ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ។
ទី២៖ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ។
ទី៣៖ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ទី៤៖ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
ទី៥៖ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០២១។
ទី៦៖ អនុសាសន៍ដែលបានទទួលក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងមក។
ទី៧៖ បទពិសោធក្នុងការងាររៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ កន្លងមក។
ទី៨៖ គោលការណ៍នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតដែលរួមមានរូបថត និងស្នាមម្រាមដៃអ្នកមិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ (ដប់)ឆ្នាំ។
ទី៩៖ បច្ចេកសព្ទបច្ចេកវិទ្យាតាមការអនុម័តចុងក្រោយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
ទន្ទឹមនេះ លោកសូមអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ រួមមានក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ដែលបានពិនិត្យ និងផ្តល់យោបល់ជាលាយលក្ខណ៍អក្សរត្រឡប់មក គ.ជ.ប វិញ។ ដោយសារស្ថានភាពការងាររបស់ គ.ជ.ប មានភាពមមាញឹកច្រើន និងមានលក្ខណៈបន្ទាន់ ហេតុនេះហើយ គ.ជ.ប បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះទៅភាគីពាក់ព័ន្ធដើម្បីជួយពិនិត្យ និងផ្តល់ យោបល់មានរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ ដោយកំណត់យ៉ាងយូរត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក៏ប៉ុន្តែជាក់ស្តែងប្រសិនបើមានភាគីពាក់ព័ន្ធណាផ្ញើយោបល់ត្រឡប់មកវិញក្រោយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មុនថ្ងៃ គ.ជ.ប ពិនិត្យ សម្រេចដាក់ឱ្យប្រើនោះ គ.ជ.ប ក៏នៅតែស្វាគមន៍ និងទទួលបន្តជាហូរហែ៕