(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ក្នុងនាមរាជរដ្ឋាភិបាល​កម្ពុជា សម្តេចមហាបវរធិបតី ថ្លែងអំណរ​គុណ​ដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់​ ដែលបាន​ចូល​រួមចំណែកក្នុងការកសាងខឿនការពារជាតិ​ តាមរយ:មូល​និធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធតាមបណ្តោយព្រំដែន​ ផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករ​ និងកីឡាករ​ មិន​ត្រឹមតែបានចូលរួមថែរក្សា​ និងលេីកកម្ពស់វប្បធម៌​ ប្រពៃណី​ដ៏ល្អផូផង់​របស់​ខ្មែរ​ប៉ុណ្ណោះទេ​ តែការចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល​ គឺជាទឹក​ចិត្ត​ដ៏ល្អប្រពៃក្នុងការលេីកកម្ពស់ស្មារតីស្នេហាជាតិ​ និងចែករំលែកក្តីស្រលាញ់​របស់​ខ្លួន​ រួមជាមួយការអភិវឌ្ឍ​ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន​ ដែល​បង្កេីតបានការរីកចម្រើនថ្មីបន្ថែមផង​ និងក្លាយជាខឿនការពារជាតិ​រឹងមាំ​យូរ​អង្វែងផងដែរ។

សូមបញ្ជាក់ថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ដោយ​ផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការ​ចូលរួមដោយស្ម័គ្រ​ចិត្តរបស់​ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុស​ពីប្រជាពលរដ្ឋ​សរុប​ជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារ​អាមេរិក។

ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវ​ខ្សែ​ក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្ត​មណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែង​សរុប ១០២,៤៨គីឡូម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់​មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដី​ជាច្រើន​ផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោស​សម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡា​ផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្ប​ការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការ​ដ្ឋានជាផ្លូវ​ការ​នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕