(សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

ដោយស្ថិតនៅមិនងាយពីទីតាំងចែកអំណោយ មានវត្ដអារាមមួយដែលទើបតែសាងសង់ថ្មី លើទឹកដីអភិវឌ្ឍថ្មីផងដែរនោះ ក្នុងនាមជាពុទ្ធបរិស័ទដ៏ជ្រះថ្លា និងតែងតែទ្រទ្រង់ព្រះពុទ្ធសាសនាជាប់ជានិច្ច សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការី បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដ «ធម្មជាតិរុនតាឯកតេជោសែ» ដែលរូមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មី១០កេសតូច, ត្រីខ ២កេសធំ, សាច់ក្រក/ត្រីងៀត ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, អូរវ៉ាន់ទីន ១កេស, តែ ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ភេសជ្ជៈបាកាស ៥កេស, ទឹកបរិសុទ្ធអរុណា ១០កេស និងបច្ច័យចំនួន ៥លានរៀល ក្នុងនោះប្រគេនចំពោះព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗប្រគេន សាដក១ និងបច្ច័យ ៤សែនរៀល និងជូនលោកតាអាចារ្យធ្វើកិច្ច ៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ២សែនរៀល។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស១ដុំ និងថវិកា៥ម៉ឺនរៀល ជូនដល់លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ មាតាមនុស្សធម៌រូបនេះ តែងតែដឹកនាំកូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបន្ដដំណើរអញ្ជើញមកទីតាំងសំណេះសំណាលសួរសុខទុក្ខ លោកតា លោកយាយ អ៊ុំ ពូ មីង ក្មួយៗ និងចៅៗដែលជាសិស្សានុសិស្សនៅបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក ដែលត្រូវមកទទួលអំណោយនៅថ្ងៃនេះ។

ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំមកនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកជួបសួរសុខទុក្ខជាលើកទី១ ជាមួយលោកតាលោកយាយ ពូមីង បងប្អូន កូនក្មួយ និងចៅៗទាំងអស់ ជាពិសេសប្រជាជនងាយរងគ្រោះបំផុតទាំង ១,៤០៩គ្រួសារ ដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ទន្ទឹងនឹងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយដល់បងប្អូនប្រជាជនដែលបានផ្លាស់ទីលំនៅមករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំតំបន់នេះឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានផ្លូវ ទឹក ភ្លើង សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ជាដើម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាសមាគមជាតិ ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ កាកបាទក្រហមកម្ពុជា ទទួលបានថវិកា និងសម្ភារៈ តាមសទ្ធាជ្រះថ្លាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបថ្ងៃនេះកាកបាទក្រហមកម្ពុជា អាចនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១,៤០៩គ្រួសារ នៅទីនេះបាន។

ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើដល់អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន និយាយដោយឡែក និងនិយាយជារួមផ្តាំផ្ញើដល់គណៈអភិបាលគ្រប់ខេត្ត-ក្រុងទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ពង្រឹងនៅតាមមូលដ្ឋានរបស់ខ្លួន កុំឱ្យកើតមានបញ្ហាអេដស៍ និងជំងឺឆ្លងផ្សេងៗ, កុំឱ្យក្រុងថ្មីមួយនេះ មានគ្រឿងញៀន និងករណីក្មេងទំនើងជាដើម។ ជាងនេះទៅទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អាជ្ញាធរតាមព្រំដែន និងប្រជាជនយើងទាំងអស់ សូមនាំគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀន ត្រូវធ្វើជាគំរូល្អនៅក្នុងថ្នាក់រៀន ដើរតួជាមិត្តអប់រំមិត្ត ជាពិសេសត្រូវអូសទាញមិត្តភក្តិដែលដើរផ្លូវខុស ឱ្យបោះបង់ការប្រព្រឹត្តអំពើខុសច្បាប់ និងអបាយមុខនានា ដែលនាំខូចកិត្តិយសផ្ទាល់ខ្លួន ក្រុមគ្រួសារ សាលារៀន សហគមន៍ និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ សូមលោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ត្រូវជួយអូសទាញ ប្រៀនប្រដៅកូនចៅរបស់ខ្លួនកុំឱ្យក្លាយទៅជាក្មេងទំនើង និងណែនាំកូនចៅឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ល្អ ក្នុងការសិក្សានិងរស់នៅក្នុងសង្គម។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិក្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែគ្រប់ៗគ្នា ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ ក្រៅពីបានជួយក្រុមគ្រួសារយើងឱ្យបានថ្កុំថ្កើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ពិសាទឹកដាំឆ្អិន ដើម្បីជៀសវាងជំងឺផ្សេងៗ កុំពិសាទឹកឆៅព្រោះទឹកឆៅមានមេរោគល្អិតតូចៗដែលយើងមើលមិនឃើញ ដូច្នេះយើងត្រូវ «ការពារប្រសើរជាងព្យាបាល»។ ជាងនេះទៅទៀត ត្រូវបរិភោគស្អាត និងរស់នៅស្អាត ជាពិសេសការពារឆ្លង និងជំងឺមិនឆ្លងពិសេសជំងឺទឹកនោមផ្អែម។

ពាក់ព​័ន្ធនឹងស្ដ្រីមានផ្ទៃពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ស្ត្រីជាមាតាទាំងអស់ត្រូវគោរពតាមការកំណត់របស់គ្រូពេទ្យ ដោយត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួន។ ចំពោះអ្នកមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅទទួលការណែនាំពីគ្រូពេទ្យជំនាញ និងទទួលយកឱសថ ការពារទារកក្នុងផ្ទៃដើម្បីការពារកូនៗរបស់ខ្លួន កុំឱ្យឆ្លងមេរោគអេដស៍និងសុខភាពល្អ។ ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវ ចំពោះបុរសៗដែលមានផ្ទុកមេរោគអេដស៍ហើយ សូមកុំបន្តចម្លងទៅប្រពន្ធកូន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ព្រោះកន្លងមក ក្រោមការខិតខំរបស់រាជដ្ឋាភិបាលកម្ពុជា, កាកបាទក្រហមកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា បានធ្វើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នេះ ទទួលបានជោគជ័យ ប៉ុន្តែថ្មីៗនេះ តាមតួលេខគឺមានការកើនឡើងវិញគួរឱ្យកត់សម្គាល់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរឹតបន្តឹងទៅលើការផ្តល់អាជ្ញាប័ណ្ណក្នុងការបើកគ្លីនិកឯកជន ការពារកុំឱ្យមានបាតុភាពមិនល្អណាមួយកើតឡើង ដែលប៉ះពាល់ដល់សុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះស្ដ្រីសម្រាលកូន ដែលគ្រោះថ្នាក់ទាំងមាតា និងទារក ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​​ រ៉ានី ហ៊ុនសែន មានសង្ឃឹមជឿជាក់ថា ការចូលរួមពីគ្រប់តួអង្គខាងលើនេះ យើងនឹងអាចកសាងបានសង្គមមួយដែលមានភាពធន់ មានភាពសុខសាន្ត មានសុភមង្គល និងអភិវឌ្ឍរីកចម្រើនរុងរឿង ក្រោមដំបូលនៃសុខសន្តិភាពជាយូរអង្វែងយ៉ាងពិតប្រាកដ។

សូមជម្រាបផងដែរថា ប្រជាពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារខាងលើ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ១ថង់, ឃីតមួយដែលមានសារុង ក្រមា មុង ភួយ រួមទាំងថវិកា ចំនួន ២ម៉ឺនរៀល។ ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យនៅក្រុងរុងតាឯក រួមមានសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស ៧,៥៦១នាក់ ដែលកំពុងសិក្សានៅសាលាខាងលើនេះ។

ជាមួយគ្នានេះដែរដោយសារតែ ក្រុងរុនតាឯកតេជោសែន ជាក្រុងថ្មីទើបតែបង្កើតឡើង ដូច្នេះដើម្បីបង្កើនភាពងាយស្រួលសម្រាប់សហការីកាកបាទក្រហមកម្ពុជា ប្រតិបត្ដិការងារមនុស្សធម៌ សម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅក្នុងក្រុងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សាងសង់អគាររដ្ឋបាល និងរបងព័ទ្ធជុំវិញ សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែននេះ។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺដែលមកសម្រាកព្យាបាលចំនួន ២៤នាក់ ស្ដ្រីត្រៀមសម្រាលកូន៣នាក់ សម្រាលកូនហើយ ៤នាក់ សរុប៣១នាក់ នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក។

គួររម្លឹកថា ក្រុងរុនតាឯកតេជោសែន ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមអនុក្រឹត្យលេខ ០០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដែលមានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក និងភូមិចំនួន ១៦ភូមិ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខែមិថុនា ឆ្នាំ២០២៤។ ក្រុងរុនតាឯកតេជោសែន គឺជាសមិទ្ធិផលដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធិសភាកម្ពុជា ដែលបានសម្រេចរៀបចំបង្កើតឡើងជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញ និងផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ និងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋានៅមូលដ្ឋានស្រាប់គឺឃុំរុនតាឯក ស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ដែលប្រែក្លាយតំបន់ជនបទទៅជាទីក្រុងមួយ បន្ទាប់ពីក្រុងសៀមរាប ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍រុនតាឯក ត្រូវបានសម្តេតេជោ ហ៊ុន សែន និងក្រុមការងារតម្រង់ទិស សម្រេចរៀបចំប្លង់មេ ប្រកបដោយគតិបណ្ឌិត ការយកចិត្តទុកដាក់ខ្ពស់ និងមានលក្ខណៈពិសេសមួយទាំងហេដ្ឋារចនាសម្ព័ន្ធ ធម្មជាតិ និងការបែងចែកដីជូនប្រជាពលរដ្ឋរស់នៅប្រកបដោយបរិស្ថានរស់នៅល្អ ជាទីក្រុងបៃតង ទាន់សម័យ និងប្រកបដោយសុខដុមនីយកម្មនាពេលអនាគ៕