(ភ្នំពេញ)៖ សាធារណជនពីគ្រប់មជ្ឈដ្ឋាន រួមមានព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បានអស់មន្ទិលសង្ស័យ និងអស់នូវការព្រួយបារម្ភលើបញ្ហាបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក្រោយបានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន រៀបចំដោយរាជរដ្ឋា ភិបាលកម្ពុជា ដោយបងប្អូនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ជាពិសេសគឺបានមើលឃើញដោយ ផ្ទាល់នូវខណ្ឌសីមាបង្គោលព្រំដែនដែលត្រូវបានបោះយ៉ាងត្រឹមត្រូវ និងផ្លូវក្រវាត់ព្រំដែន ព្រមទាំងសមិទ្ធផលដ៏ ច្រើនសន្ធឹកសន្ធាប់នៅក្នុងបណ្តាខេត្តភូមិភាគឦសាន និងបានឃើញខឿនការពារជាតិ ការការពារបានបូរណភាព ដែនដី និងអធិបតេយ្យភាពជាតិយ៉ាងស្ថិតស្ថេររឹងមាំទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។

ក្រោមគំនិតផ្តួចផ្តើម និងគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដំណើរទស្សនកិច្ចទិសឦសានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបានចាប់ផ្តើម ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ សរុប ដំណើរទស្សនកិច្ចចំនួន ១១លើក ត្រូវបានរៀបចំឡើងលើតម្រាយផ្លូវចំនួន ៣ខ្សែក្នុងទិសដៅខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី, ប្រជាពលរដ្ឋចំនួន ២,៤០០អង្គ/នាក់បានចូលរួម។

ក្រោមកិច្ចសហការរៀបចំរវាងក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងដោយមានការចូលរួមពីក្រុមការងារនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនកិច្ចដ៏កម្រនេះត្រូវបានទទួលការសាទរ និងពេញចិត្តយ៉ាងក្រៃលែងពីសំណាក់អ្នកចូលរួមទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រោះបានយល់ពីស្ថានភាពជាក់ស្តែងនៃបណ្តាខេត្តជាប់នឹងព្រំដែន និងបានស្វែងយល់ស៊ីជម្រៅពីសារៈសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវក្រវាត់ព្រំដែន ក៏ដូចជាបទដ្ឋានបច្ចេកទេសកិច្ចការព្រំដែន បង្គោលព្រំដែន នៅក្នុងក្របខណ្ឌនៃការធានាការការពារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងកាន់តែមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ការពារបាននូវទឹកដីកម្ពុជា។

ប្រជាពលរដ្ឋសុទ្ធតែបានកោតសរសើរ និងស្ងប់ស្ញែងចំពោះការលះបង់ប្រកបដោយ ទស្សនៈវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីបុព្វហេតុការពារទឹកដីឱ្យបានគង់វង្សសម្រាប់កូន ចៅជំនាន់ក្រោយ តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ និងការកសាងខឿនការពារជាតិរឹងមាំ។

ការកសាងផ្លូវក្រវាត់ព្រំដែន ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ការត្រួតពិនិត្យ និងយាមល្បាត ដោយសមត្ថកិច្ចពាក់ព័ន្ធយ៉ាងម៉ត់ចត់និងជាប្រចាំ បង្កើតបានជាប្រព័ន្ធការពារទឹកដីកម្ពុជាដ៏រឹងមាំ លុបបំបាត់ការ យល់ខុសលើកិច្ចការព្រំដែន ពីសំណាក់បងប្អូនមួយចំនួនតូច និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សហគមន៍នៅតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការរីកចម្រើនសម្បូរណ៌ សប្បាយ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបានកោតសរសើរ និងថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បន្តពី សម្តេចតេជោ ហ៊ុន សែន និងបានបន្តពូនជ្រុំស្មារតីសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ ជាពិសេសតាមរយៈការ ផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ បានចូលរួមទស្សនកិច្ច ចុះពិនិត្យឃើញបង្គោលព្រំដែនដែលបានបោះរួចរាល់ និងផ្លូវក្រវាត់ព្រំដែនដោយផ្ទាល់ ដែលធ្វើឱ្យបងប្អូន បានស្គាល់ពីទឹកដីរបស់កម្ពុជាច្បាស់លាស់ ហើយលែងមានការព្រួយបារម្ភ និងមន្ទិលសង្ស័យលើបញ្ហាទឹកដីទៀត។ បងប្អូនប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មិនជឿលើការញុះញង់ បំភ្លៃ បំផ្លើសរបស់ក្រុមជនអគតិលើបញ្ហាជាតិ និងទឹកដីឡើយ។

ទស្សនកិច្ចទិសឦសានបានក្លាយជាសក្ខីកម្មរស់ សបញ្ជាក់ពីភាពស្ថិតស្ថេរគង់វង្ស និងភាពជាម្ចាស់ របស់កម្ពុជាលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយរាជរដ្ឋាភិបាលប្តេជ្ញាមិនអនុញ្ញាតឱ្យបាត់បង់ ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រឡើយ។ ជាងនេះទៀត ទស្សនកិច្ចក៏បានរួមចំណែកបង្កើតបានជារូបភាពវិជ្ជមាន ប្រកបដោយទឡីករណ៍ពិត និងជាក់លាក់ ដើម្បីបញ្ជាក់ជូនមតិជាតិ និងអន្តរជាតិឱ្យបានយល់ច្បាស់អំពីជំហរ ម៉ឺងម៉ាត់ និងកិច្ចខិតខំជាក់ស្តែងឥតប្រកែកបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការថែរក្សាការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ទស្សនកិច្ចនេះ ក៏បានលាតត្រដាងឱ្យឃើញច្បាស់ផងដែរអំពី នយោបាយអគតិរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត តាមរយៈការប្រើប្រាស់ ព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសគ្មានមូលដ្ឋាន ដើម្បីចោទប្រកាន់ធ្វើឱ្យមានការភាន់ច្រឡំជុំវិញប្រធានបទទឹកដី និងព្រំដែន។ ទង្វើទុច្ចរិតដែលមានចេតនាបំពុលសង្គមនេះ ត្រូវបានអស់លក្ខណ៍ ហើយសាបរលាបដោយឯកឯង ក្រោមឥទ្ធិពលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែង និងការអនុវត្តពិតប្រាកដប្រកបដោយភាពច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងការទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ៕