Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជាង ៥០០គ្រួសារ អរគុណសម្ដេចតេជោ ដែលបានដោះស្រាយ​បញ្ហាដីធ្លី​ជូនពួកគាត់ រហូតទទួល​បានប្រាក់គោលនយោបាយ​ពី​ក្រុមហ៊ុន City Mart

16-10-2016 13:16

(កណ្តាល)៖ ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រស់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រមទាំងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ រហូតទទួលបានប្រាក់គោលនយោបាយ ពីក្រុមហ៊ុនស៊ីធីម៉ាត ដើម្បីយកទៅប្រកបមុខរបរប្រចាំ។

ការចុះដោះស្រាយ និងខិតខំសម្របសម្រួលបញ្ហាដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ ធ្វើឡើងក្រោយពីមានជម្លោះដីធ្លីកើតឡើងមួយ រវាងប្រជាពលរដ្ឋជាច្រើនគ្រួសារជាមួយក្រុមហ៊ុនស៊ីធីម៉ាត នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។

លោក គឹម ហេង តំណាងក្រុមហ៊ុនស៊ីធីម៉ាត បានប្រាប់ក្រុមអ្នកកាសែតថា នៅអំឡុងឆ្នាំ២០០៥-២០០៦ ក្រុមហ៊ុនរបស់លោក បានទិញដីនៅតំបន់ខាងលើ ប្រមាណ៩០ហិកតា ប៉ុន្តែក្រោយពេលទិញរួច ស្រាប់តែមានមេខ្យល់ខ្លះ បានបំផុសប្រជាពលរដុ្ឋ ស្លូតត្រង់ទៅចាប់រានធ្វើជាកម្មសិទ្ធិ ជាបន្តបន្ទាប់រហូតកើតមានជម្លោះ។

សូមជម្រាបថា ក្រោមការសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការណែនាំពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនស៊ីធីម៉ាតបានប្រគល់ ប្រាក់គោលនយោបាយ ជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយខ្លួន ក្នុងទីតាំងខាលើបាន ជាង៣០០គ្រួសារ រួចមកហើយ កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ។

ដោយឡែក ក្នុងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមស៊ីធីម៉ាត ក៏បានបន្តចុះប្រគល់ប្រាក់គោលនយោបាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារទៀត តបតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងការជួយសម្របសម្រួល ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីឈានទៅការបញ្ចប់ជម្លោះដ៏រ៉ាំរៃនេះ៕