(ព្រះសីហនុ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃកើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ កើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយឈ្មោះ ឆេង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បើកបររថយន្ត ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-6565 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ មានទិសដៅពីកើតទៅលិច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ។

ដោយស្ថានភាពផ្លូវចុះចំណោតផង រថយន្តបានបើកបរក្នុងល្បឿនលឿន ក៏បានទៅបុកពីខាងក្រោយរថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-9919 បើកបរដោយឈ្មោះ ជា ស៊ុនបូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ដឹកឈ្មោះ WANG QIJUN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដែលមានទិសដៅស្របគ្នា កំពុងបន្ថយល្បឿន ប្រុងផ្លាស់ប្តូរទិសបត់ឆ្វេងធ្វើឱ្យឈ្មោះ WANG QIJUN ខ្នាតចេញមកខាងក្រៅរថយន្ត ផ្នែកខាងក្រោយរថយន្ត រួចរថយន្តម៉ាក FORD RANGER បានរ៉េចង្កូតទៅខាងឆ្វេងដៃបន្តទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA ZOOMER-X ពណ៌ទឹកក្រូចលាយខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ដឹកឈ្មោះ អ៊ូ សុវណ្ណសុនីតា ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ លី ចំរើនរតនៈ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ដែលមានទិសដៅផ្ទុយគ្នា រួចក៏បានអូសជាប់ម៉ូតូ និងអ្នករួមដំណើរលើម៉ូតូនៅខាងក្រោម រថយន្ត ខ្នាតធ្លាក់ទៅលើចិញ្ចើមផ្លូវតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឱ្យអ្នករួមដំណើរលើម៉ូតូឈ្មោះ លី ចំរើនរតនៈ ភេទ ប្រុស ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស បានរងរបួសស្រាល រីឯអ្នករួមដំណើរលើម៉ូតូឈ្មោះ អ៊ូ សុវណ្ណសុនីតា ភេទស្រី បានរងរបួសជើង និងអ្នករួមដំណើរលើរថយន្ត ឈ្មោះ WANG QIJUN បានរងរបួសមធ្យម។ ក្រោយឃាត់ខ្លួនឈ្មោះ ឆេង សុខហេង សមត្ថកិច្ចបានធ្វើតេស្ត ដោយឧបរកណ៍ត្រួតពិនិត្យជាតិស្រវឹង រកឃើញថាមានកម្រិតជាតិអាល់កុលចំនួន ១,១៧មីលីក្រាមក្នុងមួយលីត្រខ្យល់។

ក្រោយពីតំណាងអយ្យការ បានពិនិត្យសំណុំរឿងនេះ ព្រមទាំងពិនិត្យភស្តុតាង និងឯកសារនានា ដែលបានកសាងឡើងដោយមន្ត្រីនគរបាលយុត្តិធម៌រួចមក ចំពោះអង្គហេតុករណីសំណុំរឿងនេះ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបើកការចោទប្រកាន់លើឈ្មោះ ឆេង សុខហេង ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុចខ និងចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៦៤ អ.យ.១/២៤ ចុះថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕