(ភ្នំពេញ)៖ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងដីសម្បទានសង្គមកិច្ច ត្រង់ចំណុចដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ បាននិងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន រាប់រយគ្រួសារ ដែលកំពុងរស់នៅតំបន់នោះ។

លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងជាង ១០ គីឡូម៉ែត្រ រួមជាមួយសំណង់សិល្បៈការ្យផ្សេងៗ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៤ ខែធ្នូ នេះបានឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយសម្តេចទាំង ទ្វេបានគិតគូរយ៉ាងខ្លាំងលើការអភិវឌ្ឍ និងការគិតគូរដល់ការរស់នៅរបស់ប្រជាជននៅជនបទជាដើម។

លោក បន្តថា ជាក់ស្តែងនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹងនេះ បានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល បង្កើតជាសហគមន៍សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន មានផ្ទះ មានដីធ្វើចម្ការ មានផ្លូវ និងសំណង់សិល្បៈការ្យផ្សេងៗជាច្រើន បានកំពុងកើតឡើងជាបន្តបន្ទាប់ ។ នេះជាការចូលរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជននៅតំបន់នោះ មាន ជីវភាពរស់នៅកាន់តែប្រសើរ។

លោក ប៊ុន ច័ន្ទវណ្ណៈ បន្ថែមថា«ជាក់ស្តែងផ្លូវក្រាលដីល្បាយក្រួសប្រវែងជាង ១០ គីឡូម៉ែត្រ ដែលបានស្ថាបនារួចរាល់ នឹង ជួយសម្រួលដល់ការធ្វើដំណើរ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ ជាពិសេសជំរុញដល់ការ ដឹកជញ្ជូនកសិផលបស់កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ជាពិសេសសម្រាប់គ្រួសារកងទ័ពដែលរស់នៅតំបន់នោះផងដែរ»។

ទន្ទឹមគ្នានេះ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុក ថែទាំបន្ត សហការ ណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ដោយត្រូវ មានការយាមកាមឱ្យបានហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូឲ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកសម្បត្តិទំាងនោះជារបស់ ពួកគាត់៕