(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជាបន្ដបន្ទាប់ទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ថា វគ្គបំប៉នជំនាញនេះធ្វើឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញការងារប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយ ទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន។
បន្ថែមពីនេះ នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល) ដោយបញ្ចូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។ ខណៈភ្នាក់សន្ដិសុខឯកជន ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ក្នុងករណីបានឃើញ ឬសង្ស័យ លើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ ពេលវេលា) និងរួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានក្រើនរំលឹកដល់នាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវអនុវត្ត ឲ្យបានតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល, ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តី ណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៨លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១១,៤៣២នាក់ (ស្រី ២៤៧នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៨នាក់ (ស្រី ២៧នាក់)។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្ដទៀតថា ការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួន ជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕