(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារកយកា ដែលជា​ទីភ្នាក់​ងារផ្នែកអភិវឌ្ឍន៍របស់ខ្លួននោះ បានប្រកាសផ្តល់ជំនួយឥតសំណង​នូវ​ថវិកា ១២លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រលើសេវាផ្សព្វផ្សាយ​កសិ​កម្មនៅកម្ពុជារយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA) ប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើការគាំទ្រចំពោះជំនួយលើកកម្ពស់​សមត្ថ​ភាព និង​គុណ​ភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា។

តាមរយៈជំនួបពិភាក្សានេះ ទីភ្នាក់ងារកយកា បានគូសបញ្ជាក់ពីការគាំទ្រ​របស់​ខ្លួននូវជំនួយឥតសំណងប្រមាណ ១២លានដុល្លារអាមេរិក ដែលគ្រោង​អនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ មហាវិទ្យាល័យអប់រំ និងសារគមនា​គមន៍​​កសិកម្ម នឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដែលរួមបញ្ចូលទាំងការ​សាង​សង់​អគារដែលមានអន្តេវាសិកដ្ឋាន និងឧបករណ៍សម្រាប់ការអនុវត្ត​ក្នុង​ប្រព័ន្ធ​​ផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងការបង្កើតកម្មវិធីសិក្សា និង​សម្ភារ​​បណ្តុះបណ្តាលចាំបាច់នានា ដើម្បីផ្តល់ការអប់រំកម្រិតឧត្តម​សិក្សា​សម្រាប់ សិស្សានុសិស្សទូទៅ។ លើសពីនេះ សមត្ថភាពមន្ត្រីរដ្ឋាភិបាលដែល​ទទួលបន្ទុកក្នុងសេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលភាគច្រើនជាមន្ត្រីផ្សព្វ​ផ្សាយ​កសិកម្មឃុំទូទាំងប្រទេស នឹងត្រូវបានពង្រឹងសមត្តិភាព។

កម្មវិធីពង្រឹងសមត្ថភាពនេះ មិនផ្តោតត្រឹមតែលើជំនាញបច្ចេកទេស និងការ​សម្រប​សម្រួលកសិកម្មប៉ុណ្ណោះទេ ថែមទាំងលើការផលិត​សម្ភារៈផ្សព្វ​ផ្សាយ​ផងដែរ។ កម្មវិធីនេះ ក៏មានគោលបំណងពង្រឹងសេវាផ្សព្វផ្សាយកសិកម្ម​នៅ​ថ្នាក់មូលដ្ឋាន ដើម្បីលើកកំពស់ជីវភាពរបស់កសិករកម្ពុជា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សង្កត់​ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្សក្នុង​វិស័យ​កសិកម្ម ជាពិសេសសេវាផ្សព្វផ្សាយកសិកម្ម។ លោកបានបន្ថែមថា ការវិនិ​យោគ​លើសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ គឺមានសារៈសំខាន់ណាស់​សម្រាប់​ធានាថាកសិករកម្ពុជាទទួលបានចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយ​បង្អស់​របស់​កសិកម្ម។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់មន្ត្រីជួរមុខទាំងនេះ អាច​រួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម ការកែលម្អសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា​នៅកម្ពុជា បានលើកឡើងថា ទីភ្នាក់ងារកយកា តែងតែរួមគ្នាជាមួយ​រដ្ឋា​ភិ​បាល​កម្ពុជាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង គម្រោង​នេះ​ចូលរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការគាំទ្រដល់កម្មវិធីទីពីរនៃកម្មវិធី​គោល​​នយោបាយអាទិភាពកម្ពុជាសម្រាប់វិស័យកសិកម្ម។

តាងនាមឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ទីភ្នាក់ងារកយកា បានប្តេជ្ញាបំពេញ​ភារ​កិច្ច​របស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជន​កាន់តែជិតស្និទ្ធជាមួយគ្នា។

ទីភ្នាក់ងារកយកា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទ​ក្នុងប្រទេស​កម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជីវភាព និងការបង្កើតប្រាក់ចំណូល​កសិ​កម្ម។ ក្រៅពីគម្រោងដែលមានក្នុងផែនការនេះ បច្ចុប្បន្នទីភ្នាក់ងារ​កយ​កា​ បាននិងកំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅក្នុងភូមិចំនួន៣០ នៅ​ភាគ​ពាយ័ព្យប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុង​គោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន៕