(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩ និង០០នាទី មានករណីផ្អើលឆោរឡោ និងហិង្សាទៅ វិញទៅមករវាងប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុន លោក រតនៈ សម្បត្តិ និង លោក មៀម វណ្ណៈ នៅចំណុចអូរឈ្លើងលើ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើអន្តរាគមន៍ភ្លាមៗ ដោយឲ្យភាគីទាំងសងខាងបញ្ឈប់សកម្មភាពរៀងៗខ្លួន រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវតាមនីតិវិធី។
នៅថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់បានធ្វើការសាកសួរអ្នកស្ថិតក្នុងហេតុការណ៍សរុបចំនួន ១១នាក់ ក្នុងនោះមានតំណាងប្រជាពលរដ្ឋ ចំនួន ០៦នាក់ និង បុគ្គលិកក្រុមហ៊ុនចំនួន ០៥នាក់ និងបានចុះស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ ធ្វើការ ប្រមូលភស្តុតាងនានា ដោយរកឃើញថា៖ ករណីហិង្សាខាងលើនេះ មានអ្នករងរបួសសរុបចំនួន ០៥នាក់ ក្នុង នោះប្រជាពលរដ្ឋ ០២នាក់ (ស្រាល) និងបុគ្គលិកក្រុមហ៊ុន ០៣នាក់ (រងរបួសធ្ងន់ ០១នាក់ ឆេះរលាកភ្លើង ដែលគប់ដោយដបសាំង)។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជាពិសេស ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ នឹងបន្តធ្វើការស្រាវជ្រាវ ប្រមូលនូវភស្តុតាងបន្ថែមទៀត និងរកមូលហេតុនៃទំនាស់ ព្រមទាំង កំណត់អត្តសញ្ញាណជនបង្ក និងអ្នកពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕