(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យទស្សនាតាមការផ្សាយផ្ទាល់ ក្នុងករណីមិនអាចចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» ដោយផ្ទាល់បាន។

លោក កើត ឆែ ថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទព័ត៌មាន ស្ដីពី ព្រឹត្តការណ៍បាល់ទាត់អបអរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ។

លោកអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បងប្អូនអាចអញ្ជើញមកទីនេះបាន […] ប៉ុន្តែដើម្បីកុំឲ្យលំបាកដល់បងប្អូនប្រជាពលរដ្ឋ​មួយចំនួនដែលនៅឆ្ងាយ គឺបងប្អូនអាចទស្សនាតាមការឡាយ តាមទូរទស្សន៍ និងបណ្ដាញសង្គមនានា​»

មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដ៏អស្ចារ្យនេះរៀបចំឡើង ដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា ជាប្រវត្តិសាស្ត្រ និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទី រសៀល រហូតដល់ម៉ោង ២០:០០ នាទី យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក កើត ឆែ គូសបញ្ជាក់បន្ថែមថា ការប្រកួតកីឡានាពេលនេះផ្ដោតសំខាន់ទៅលើ កីឡានៃសន្តិភាព ដូច្នេះគណៈកម្មាធិការនៃមហាព្រឹត្តិការណ៍សម្រេចរៀបចំនៅពហុកីឡដ្ឋានមរតកតេជោដែលមាន វិមានឈ្នះឈ្នះ នៅខាងមុខដែលសាកសមត្រឹមត្រូវតាមអត្ថន័យដែលចង់បាន។

បើតាមប្រសាសន៍របស់លោក កើត ឆែ តាមរយៈបទពិសោធក្នុងការរៀបចំព្រឹត្តិការណ៍ seagame កន្លងមក រដ្ឋបាលរាជធានីភ្នំពេញជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមអ្វីដែលបានគ្រោងទុក៕