(ពោធិ៍សាត់)៖ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលរស់នៅ និងសាងសង់សំណង់អនាធិបតេយ្យ លើដីសាធារណៈរបស់រដ្ឋ នៅជាប់នឹងរបងវិទ្យាល័យពោធិ៍សាត់ ក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានមកចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅឋាន មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ដោយក្នុងមួយគ្រួសារ ទទួលបានដីមួយឡូតិ៍ ទំហំ៥x២០ម៉ែត្រ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយបានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ ជាប់នឹងរបងវិទ្យាល័យពោធិ៍សាត់ ក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានយល់ព្រមរុះរើសំណង់អនាធិបតេយ្យ ប្រគល់ដីជូនរដ្ឋវិញ និងទទួលយកដីឡូតិ៍លំនៅឋាន តាមរយៈការចាប់ឆ្នោត មានទំហំ៥x២០ម៉ែត្រ ដែលផ្តល់ជូនដោយរដ្ឋបាលខេត្ត។ ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរ ដល់អាជ្ញាធរសង្កាត់ ក្រុង និងខេត្ត សុំជាកម្លាំងឱ្យជួយរុះរើ ដោយសារគ្មានថវិកា និងគ្មានកម្លាំងពលកម្ម។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រូបលោកបានប្ដេជ្ញាចិត្ត រួមគ្នាជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថាធ្វើឱ្យខេត្តមួយនេះ កាន់តែប្រែមុខប្រែមាត់ ដោយត្រូវរៀបឱ្យមានសោភ័ណភាព អនាម័យបរិស្ថាន ការរស់នៅប្រកបដោយផាសុកភាព និងមានសណ្ដាប់ធ្នាប់ល្អ ដោយចាប់ផ្តើមមុនគេ គឺការរៀបចំច្រាំងស្ទឹង ចាប់ពីចំណុចចុងកោះត្រើយម្ខាង និងជំហ៊ានបន្ទាប់នេះ ចាប់ពីចំណុចផ្សារក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង។
ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ចំនួន៥៦គ្រួសារ គឺទទួលបានដីឡូតិ៍លំនៅឋាន ជាការដោះស្រាយគោលនយោបាយ ឱ្យពួកចេញពីដីសាធារណៈរបស់រដ្ឋ ដើម្បីយកទីតាំងនោះ មកធ្វើការអភិវឌ្ឍន៍ជាច្រាំងស្ទឹង។
ហើយសម្រាប់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅ និងសាងសង់សំណង់អនាធិបតេយ្យ លើដីសាធារណៈរបស់រដ្ឋ នៅជាប់នឹងរបងវិទ្យាល័យពោធិ៍សាត់ ប៉ែកខាងជើង ក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ទាំង១០គ្រួសារនេះ គឺពិតជាបានអនុវត្តត្រឹមត្រូវ ទៅតាមគោលការណ៍របស់អាជ្ញាធរ ដោយបានត្រៀមរុះរើ និងយល់ព្រមទទួលយកដីឡូតិ៍លំនៅឋានថ្មី មានទំហំ៥x២០ម៉ែត្រ។ ការដោះដូរនេះ គឺដើម្បីរៀបចំសោភ័ណភាព ក៏ដូចជាអនាម័យបរិស្ថាន ទាំងក្នុង និងជុំវិញបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងការត្រៀមខ្លួនចូលរួមប្រគួតប្រជែង ទទួលយកពានរង្វាន់ ស្តង់ដារសាលារៀនគម្រូទូទាំងប្រទេស នាពេលខាងមុខ។
លោក ខូយ រីដា បានបន្ថែមថា ជាការពិតណាស់ បើនិយាយពីច្បាប់ គឺបងប្អូនយើងខុសច្បាប់បាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមអាជ្ញាធរខេត្ត លោកត្រូវចេញមុខដោះស្រាយបញ្ហាទាំងអស់នេះ ជាមួយបងប្អូនយើង ព្រោះថាវាគ្មានអ្វីចំណេញជាងការដោះស្រាយដោយសន្តិវិធីនោះឡើយ។ ទាំងអាជ្ញាធរដែនដី ក៏ដូចមន្ត្រីរាជការ និងប្រជាជនខេត្តពោធិ៍សាត់ ក៏មានការសប្បាយចិត្តជាខ្លាំង ដែលបងប្អូនប្រជាពលរដ្ឋ ទទួលយកការដោះស្រាយ ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងរយៈពេលដឹកនាំខេត្ត បានជាង២ឆ្នាំមកនេះ លោកមិនដែលយកម៉ោងពេលវេលាទំនេរ សម្រាប់នៅជាមួយក្រុមគ្រួសារនោះទេ ពោលគឺធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ជាក់ស្តែងដូចជាផ្លូវវាងក្រុង ត្រូវបានយកចិត្តទុកដាក់រៀបចំភ្លើងលម្អ និងមានអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ល្អ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគជិតឆ្ងាយ ចូលមកទស្សនាកម្សាន្ត និងចង់បណ្តាក់ទុកក្នុងខេត្តយើង។ ការខិតខំប្រឹងប្រែងនេះទៀតសោធ ក៏ដើម្បីបង្កលក្ខណៈ និងត្រៀមទទួលទេសចរ ចូលរួមក្នុងពិធីបុណ្យទន្លេ ដែលខេត្តពោធិ៍សាត់ គ្រោងនឹងទទួលជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៦ខាងមុខផងដែរ។
ប្រជាពលរដ្ឋទាំង១០គ្រួសារ បានសម្តែងការពេញចិត្ត និងត្រេកអរជាខ្លាំង ក្រោយពួកគាត់បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍លំនៅឋាន មានប្លង់កម្មសិទ្ធិស្របច្បាប់ និងត្រៀមរុះរើ ចូលមកសាងសង់ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្ត បានរៀបចំដោះដូរជូន៕