(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយពិធីបើកត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ខ្លឹមសារសំខាន់ៗប្រមូលផ្តុំជាគោល នៃកិច្ចប្រជុំរួមមាន៖

*១៖ ត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍
*២៖ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជា
*៣៖ ការងារធ្វើកំណែទម្រង់
*៤៖ ការងារអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺនជំនាញ
*៥៖ ការងារបំពាក់មធ្យោបាយ សម្ភារៈ បរិក្ខារ
*៦៖ ការងារកសាងអង្គភាព
*៧៖ ការងារចិញ្ចឹម ថែទាំសុខភាព
*៨៖ ការងារគោលនយោបាយ និងយេនឌ័រ
*៩៖ ការងារទំនាក់ទំនង និងផ្សព្វផ្សាយ។

នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា អង្គភាពកងរាជអាវុធហត្ថ បានរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាអាទិ៍៖ ការអប់រំផ្សព្វផ្សាយគោលនយោបាយ, កម្មវិធីនយោបាយ, លិខិតបទដ្ឋាន, ច្បាប់, បទបញ្ជា, ពាក់ព័ន្ធគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀន ក្លឹបកម្សាន្ត ចំនួន១៦៧លើក ស្មើនឹង ៦៧.៦៤១នាក់។

លើសពីនេះ បានសហការចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះមហាក្សត្រ, ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល ក្នុងពិធីសម្ពោធសមិទ្ធផលនានា ចុះសំណេះសំណាលសួរសុខទុក្ខ កម្មករ និយោជិក និយោជក បងប្អូនប្រជារាស្ត្រ ប្រជាពលរដ្ឋ ក្មួយៗ សិស្ស និស្សិត យុវ័ន យុវតី អតីតយុទ្ធជន ជនពិការ កុមារកំព្រា។ ទន្ទឹមនឹងនោះនូវបានរួមចំណែកការពារណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រជុំ ធ្វើទស្សនកិច្ច និងការពារភ្ញៀវទេសចរណ៍ ក្រុមហ៊ុន អ្នកវិនិយោគ សហការជាមួយបណ្តាអង្គការ ក្រសួង ស្ថាប័ន ការពារ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកៀរគរប្រមូលចំណូលថវិកាជាតិ។

នាយឧត្តមសេនីយ៍ បានបន្ដថា អំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង បានចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី។ បានបង្ក្រាបបទល្មើសចំនួន២,៤៥៩លើក ក្នុងនោះ បង្ក្រាបបទល្មើសជាក់ស្តែងចំនួន២,៤១៨លើក និងស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបចំនួន៤១លើក។ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន៦៤ករណី ស្មើនឹង៤,២៤៤នាក់។ ទទួលដីកាពីតុលាការចំនួន ៥,៣៧៤ដីកា (បទឧក្រិដ្ឋ ៣,០៤៥ដីកា និងបទមជ្ឈិម ២,៣២៩ដីកា) ចាត់ការបានចំនួន ១,៩៣៥ដីកា កំពុងបន្តចាត់ការ ៣,៤៣៩ដីកា។

រីឯកិច្ចការងារសង្គម កងរាជអាវុធហត្ថ បានចូលរួមជួយចាត់ចែងដំណើរការ សកម្មភាពគណៈយុទ្ធមិត្តបម្រើ កងទ័ពឆ្នាំ១៩៧៨ និងឧបត្ថម្ភជាថវិកា សម្ភារៈមួយចំនួន។ ចូលរួមជាមួយសមាគមអតីតយុទ្ធជនចំនួន១៧៨លើក, ជួយប្រជាជន ជួសជុល និងសង់ផ្ទះចំនួន២០៤ខ្នង, បានផ្តល់ឈាមជួយជនរងគ្រោះចំនួន ៤៥០ប្លោក/នាក់, បានចូលរួមឧបត្ថម្ភកាកបាទក្រហមខេត្ត, បានកសាងសមិទ្ធផលពុទ្ធចក្រ, បានឧបត្ថម្ភជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាជនដែលមានទុក្ខធុរៈ ទីទាល់ក្រ មរណៈភាព ព្រមទាំងបានពិនិត្យ និងផ្តល់ឱសថព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕