(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារ ដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមកពីសាម៉ីក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំទីស្តីការក្រសួងការពារជាតិ។
តាមរយៈការរៀបចំយ៉ាងយកចិត្តទុកពីអនុគណៈកម្មការរៀបចំទាំង៧ ដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» ឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែធ្នូខាងមុខនឹងមានការប្រារព្ធមីទ្ទិញដ៏ធំ ព្រមទាំងព្រឹត្តិការណ៍អមដទៃទៀតក្នុងនោះមានការបាញ់កាំជ្រួចក្នុងពេលរាត្រីរយៈពេលបីថ្ងៃ និងការប្រកួតបាលទាត់នៅក្នុងវិមានកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់កិច្ចនេះប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ អនុគណៈកម្មការរៀបចំទាំង៧ របស់ខ្លួនលើកចុងក្រោយ ទាំងទីតាំងសម្រាប់ការប្រារព្ធមីទិ្ទញ និងផ្នែកពិព័រណ៍រូបភាព រចនាបទ វត្ថុតាងដែលពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រនៃនយោបាយឈ្នះ ឈ្នះ និងសកម្មភាពនានា តាមរយៈរូបភាព សម្រាប់ការដាក់តាំងពិព័រណ៍ និងការងារជាច្រើនទៀតរបស់អនុគណៈកម្មការដែលពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារលើកចុងក្រោយ និងជំរុញពន្លឿនការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលជោគជ័យតាមការកំណត់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤។ នៅសល់ពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ និងដល់ថ្ងៃនៃប្រារព្ធពិធីនេះហើយ ហើយក៏បន្ទាប់គ្នាចំថ្ងៃឆ្លងចូលឆ្នាំសកលផងដែរ។ ដូច្នេះគ្រប់អនុគណៈកម្មការជំនាញទាំងអស់ រួមនិងក្រុមការងារត្រូវពន្លឿនការងារនេះឱ្យបានទាន់ពេលវេលា ទាំងការរៀបចំទីតាំងមីទិ្ទញ ការត្រៀមរៀបចំផែនឈរសម្រាប់មិទិ្ទញ ការរៀបចំស្តង់ពិព័រណ៍ និងគ្រប់រចនាបទខ្លឹមសារសម្រាប់ពិធីនេះផងដែរ។
តាមរយៈកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ អនុគណៈកម្មការជំនាញទាំងអស់ នាលើកចុងក្រោយនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធមីទិ្ទញនៃទិវា «សន្តិភាពនៅកម្ពុជា» នាឆ្នាំនេះនិងប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ ។
សូមបញ្ជាក់ថា ការរៀបចំខួបលើកទី ២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤ ) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា«។ ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានកំណត់យក «ទិវាសន្ដិភាពនៅកម្ពុជា» ២៩ ធ្នូ ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។
ការកំណត់ជាថ្ងៃបុណ្យជាតិ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ។ ទិវានេះ ក៍ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
រដ្ឋាភិបាល បានកំណត់យកថ្ងៃទី «២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ក្នុងអនុក្រឹត្យបានលើកយកហេតុផលថា ការកំណត់យកថ្ងៃទី២៩ ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» នេះដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
«ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមអនុក្រឹត្យដដែល។
អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ទិវាសន្តិភាពនៅកម្ពុជា» នេះ ក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាក ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ។
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ក្នុងអនុក្រឹត្យ ដូច្នេះ៖ «ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព»។
ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ចំណែកគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។ នេះបើតាមអនុក្រឹត្យដដែល៕